តុលាការឧទ្ធរណ៍ប្រចាំរដ្ឋ ចចា (Georgia) របស់សហរដ្ឋអាមេរិក កាលពីថ្ងៃពុធ (០៥ មិថុនា) បានផ្អាកសំណុំរឿងព្រហ្មទណ្ឌដែលចោទប្រកាន់លោក ដូណាល់ ត្រាំ (Donald Trump) ពីបទជ្រៀតជ្រែកចង់បង្វែរលទ្ធផលបោះឆ្នោតឆ្នាំ២០២០ ខណៈតុលាការពិចារណាលើសំណើរបស់អតីតប្រធានាធិបតីរូបនេះក្នុងការដកសិទ្ធិរដ្ឋអាជ្ញាដឹកនាំសំណុំរឿង លោកស្រី ហ្វានី វីលលីស (Fani Willis)។

ដីកានេះបានរារាំងសំណុំរឿងដ៏ចម្រូងចម្រាសនេះប្រឆាំងនឹងលោក ត្រាំ និងសហចុងចោទចំនួន ១៤ នាក់ ពីការឆ្ពោះទៅរកការកាត់ក្តី ខណៈដែលលោក ត្រាំ ប្តឹងឧទ្ធរណ៍ចំពោះសេចក្តីសម្រេចរបស់ចៅក្រម ដែលអនុញ្ញាតឱ្យលោកស្រី វីលលីស ដែលជាមេធាវីតំបន់ ហ្វូលថុន (Fulton County) បន្តសំណុំរឿងនេះ។
នៅក្នុងបណ្ដឹងឧទ្ធរណ៍នោះ លោក ត្រាំ និងសហចុងចោទប្រាំបីនាក់ កំពុងស្វះស្វែងរកការដកសិទ្ធិពីតំណែងរបស់ស្រី វីលលីស ជុំវិញការចោទប្រកាន់ថាទំនាក់ទំនងស្នេហាជាមួយអតីតឧបនាយករងជាន់ខ្ពស់ម្នាក់ បង្កជាជម្លោះផលប្រយោជន៍។ នេះគឺជាការបញ្ជាក់មួយផ្សេងទៀតដែលថា សំណុំរឿងមួយក្នុងចំណោមបួន ប្រឆាំងនឹងលោក ត្រាំ នៅពេលលោកស្វះស្វែងជំនួសតំណែងលោកប្រធានាធិបតី ចូ បៃដិន (Joe Biden) នេះ នឹងមិនដំណើរការកាត់ក្តីមុនការបោះឆ្នោតថ្ងៃទី០៥ ខែវិច្ឆិកា នោះទេ។
គណៈវិនិច្ឆ័យនៅទីក្រុងញូវយ៉ក កាលពីសប្តាហ៍មុនបានរកឃើញថាលោក ត្រាំ មានទោសពីបទព្យាយាមបិទបាំងការបង់ប្រាក់បំបិទមាត់ដល់តារាអាសអាភាសម្នាក់ ដោយជាសាលក្រមដែលលោក ត្រាំ បានប្តេជ្ញាប្តឹងឧទ្ធរណ៍។ សំណុំរឿងសហព័ន្ធទាំងពីរប្រឆាំងនឹងលោក សម្រាប់ការព្យាយាមបង្វែរលទ្ធផលឆ្នោត និងការមិនប្រគល់ឯកសារសម្ងាត់បន្ទាប់ពីការចាកចេញពីតំណែង កំពុងត្រូវបានជាប់គាំងដោយការប្រឈមផ្នែកច្បាប់៕
