ទីភ្នាក់ងារសារព័ត៌មានរដ្ឋកាតា QNA បានរាយការណ៍ថា ប្រធានាធិបតីអ៊ុយក្រែនលោក វ្ល៉ូឌីមី ហ្ស៊េោះឡិនស្គី (Volodymyr Zelenskiy) និងមេដឹកនាំប្រទេសកាតាកាលពីថ្ងៃពុធ បានពិភាក្សាគ្នាអំពីវិធី ដើម្បីបញ្ចប់ជម្លោះពេញទំហឹងរយៈពេល ២៧ខែរបស់អ៊ុយក្រែនជាមួយប្រទេសរុស្ស៊ី និងការខិតខំប្រឹងប្រែង ដើម្បីរក្សាបណ្តាញទំនាក់ទំនង បើកចំហ។

លោក ហ្សេឡិនស្គី ក៏បានធ្វើអត្ថាធិប្បាយលើកិច្ចពិភាក្សារបស់ខ្លួន នៅវិមាន Lusail ជាមួយមេដឹកនាំកាតា លោក Emir Sheikh Tamim bin Hamad al-Thani រួមទាំងការត្រៀមរៀបចំសម្រាប់ «កិច្ចប្រជុំកំពូលសន្តិភាព»នៅសប្តាហ៍ក្រោយ នៅប្រទេសស្វ៊ីស ដែលរុស្ស៊ីមិនត្រូវបានអញ្ជើញឲ្យចូលរួម។
សារព័ត៌មាន QNA បាននិយាយថា កិច្ចពិភាក្សា បានផ្តោតលើការវិវឌ្ឍនៃជម្លោះ «រួមទាំងកិច្ចខិតខំប្រឹងប្រែងរបស់សហគមន៍អន្តរជាតិ ក្នុងការបញ្ឈប់សង្គ្រាម ការពារជនស៊ីវិល និងរក្សាបណ្តាញទំនាក់ទំនងទាំងអស់បើកចំហ ដើម្បីដោះស្រាយវិបត្តិតាមរយៈការសន្ទនា និងមធ្យោបាយការទូត»។
ទីភ្នាក់ងារនេះ បាននិយាយថា កិច្ចខិតខំប្រឹងប្រែងដើម្បីជំរុញទំនាក់ទំនងទ្វេភាគី ក៏ត្រូវបានពិភាក្សាផង ដែរ។
លោក ហ្ស៊េឡិនស្គី បានថ្លែងអំណរគុណដល់មេដឹកនាំកាតារូបនេះ សម្រាប់ការគាំទ្របូរណភាពទឹកដីរបស់អ៊ុយក្រែន និងសម្រាប់ការគាំទ្ររបស់ប្រទេសនេះចំពោះសេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិដែលថ្កោលទោសប្រទេសរុស្ស៊ី។
លោក ក៏បានថ្លែងអំណរគុណចំពោះការខិតខំប្រឹងប្រែងរបស់ប្រទេសកាតា ក្នុងការធានាដល់ការវិលត្រឡប់របស់កុមារអ៊ុយក្រែន ដែលត្រូវបាននាំយកទៅប្រទេសរុស្ស៊ី ក្នុងអំឡុងពេលមានជម្លោះ ហើយបាននិយាយថា ភាគីទាំងពីរ នឹងបន្តកិច្ចសហប្រតិបត្តិការរបស់ពួកគេ។
