ភ្នំពេញ ៖ សា្ថនទូតអង់គ្លេសប្រចាំកម្ពុជា នាល្ងាចថ្ងៃទី ៥ ខែមិថុនា ឆ្នាំ ២០២៤ បានប្រារព្ធពិធីអបអរសាទរ ព្រះរាជពិធីបុណ្យចម្រើនព្រះជន្មព្រះមហាក្សត្រ Charles III គម្រប់ ៧៦ ព្រះវស្សា ដោយផ្ដោតលើប្រធានបទអប់រំ។ លើសពីការអរសាទរ ព្រឹត្តិការណ៍នេះ ក៏ជាឱកាសដ៏សំខាន់ក្នុងការពង្រឹងទំនាក់ទំនងវប្បធម៌ និងការទូតរវាងចក្រភពអង់គ្លេស និងកម្ពុជា។
ព្រះរាជពិធី បុណ្យចម្រើនព្រះជន្មរបស់ព្រះមហាក្សត្រ Charles III គឺជាពិធីបុណ្យជាតិមួយរបស់ចក្រភពអង់គ្លេស ហើយស្ថានទូតអង់គ្លេសប្រចាំព្រះរាជាណាចក្រកម្ពុជាតែងតែប្រារព្ធពិធីអបអរជារៀងរាល់ឆ្នាំ ព្រមទាំងបានផ្សារភ្ជាប់នូវប្រធានបទសំខាន់ក្នុងនាមជាមិត្តភាពដ៏រឹងមាំនឹងយូរអង្វែងជាមួយប្រទេសកម្ពុជា។
ឯកឧត្តម Dominic Williams ឯកអគ្គរាជទូតអង់គ្លេសប្រចាំកម្ពុជា បានថ្លែងថា កន្លងមកប្រទេសទាំង២បានធ្វើការយ៉ាងជិតស្និទ្ធជាមួយគ្នាលើគ្រប់វិស័យ ហើយក្នុងឆ្នាំនេះ ប្រទេសទាំង២ក៏បានចាប់ផ្ដើមកិច្ចសន្ទនានយោបាយ ធ្វើការរួមគ្នាលើហេដ្ឋារចនាសម្ព័ន្ធបៃតង និងនិរន្តរភាព។ លើសពីនេះ ឯកឧត្តម ក៏មានមោទកភាពចំពោះភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា ក្នុងការលើកកម្ពស់វិស័យអប់រំ។
ក្នុងឱកាសនោះ ក្រៅពីបានថ្វាយព្រះពរព្រះមហាក្សត្រនៃចក្រភពអង់គ្លេស ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ក៏មានមតិបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិល្អជាមួយគ្នា និងជាពិសេសការរួមចំណែកពីចក្រភពអង់គ្លេសក្នុងការជួយលើកកម្ពស់វិស័យអប់រំនៅកម្ពុជា ក៏ដូចជាក្នុងវិស័យសំខាន់ ៗ ជាច្រើនទៀត។
អង់គ្លេស និងកម្ពុជា គឺមានទំនាក់ទំងការទូតយ៉ាងជិតស្និទ្ធជាមួយគ្នាតាំងពីឆ្នាំ ១៩៥៣ មកម្ល៉េះ។ តាមរយៈនេះ អង់គ្លេស បានរួមចំណែកគាំទ្រទាំងធនធាន និថវិកា ជាមួយរាជរដ្ឋាភិបាលកម្ពុជា លើវិស័យសំខាន់ៗ មួយចំនួនរួមមាន រាប់ចាប់តាំងពីផ្នែកការពារជាតិ សន្តិសុខ សិទ្ធិមនុស្ស និងសមភាពយេនឌ័រ វិស័យបរិស្ថាន ការបោសសម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ដែលសល់ពីសម័យសង្គ្រាម និងជាពិសេសផ្ដោតជាសំខាន់លើការលើកកម្ពស់វិស័យអប់រំដែលជាវិស័យដ៏សំខាន់ក្នុងការកសាងមូលធនមនុស្ស៕
អត្ថបទ៖ ចេន សុភានាថ





