
ពលរដ្ឋរស់នៅក្នុងតំបន់ Rio Grande do Sul គឺជាតំបន់ដែលរងគ្រោះធ្ងន់ធ្ងរដោយសារភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ នៅភាគខាងត្បូងប្រទេសប្រេស៊ីល ពិបាកវិលត្រឡប់ទៅរកសភាពដើមវិញ ។
នៅក្នុងតំបន់មួយនេះ យោធានាំគ្នាដើរប្រមូលធុងមានផ្ទុកសារធាតុគីមីនៅតាមផ្លូវ ដែលអណ្តែតចេញពីរោងចក្រកែឆ្នៃនៅក្បែរនោះ អំឡុងពេលមានទឹកជំនន់ ។
សារព័ត៌មានក្នុងស្រុក រាយការណ៍ថា ប្រតិបត្តិការបោសសម្អាត និងប្រមែប្រមូល ត្រូវគេរំពឹងថា នឹងចំណាយពេល ១សប្តាហ៍ ។
យោងតាមការអះអាងរបស់របស់យោធានៅតំបន់រងគ្រោះ បានឲ្យដឹងថា សារធាតុគីមីដែលរកឃើញ មិនបង្កហានិភ័យដល់ប្រជាពលរដ្ឋនោះទេ បើសិនជាពួកគេមិនប៉ះពាល់វា ។
សកម្មភាពបោសសម្អាតនៅតែបន្តក្នុងតំបន់ ក្នុងនោះអ្នកស្រុកទុកចោលគ្រឿងសង្ហារឹម និងឧបករណ៍ប្រើប្រាស់ខូចខាតលើផ្លូវ ហើយក្រុមស្ម័គ្រចិត្តនាំគ្នាបោសសម្អាតសាលារៀនរងការខូចខាត ដើម្បីឲ្យសិស្សសាលា អាចវិលត្រឡប់មកសិក្សាដូចធម្មតាវិញ ។
ប្រជាកសិករ រងផលប៉ះពាល់ផងដែរ ពោលគឺពួកគេត្រូវការចំណាយពេល ៣-៤ឆ្នាំ ទើបអាចស្រោចស្រង់ផលិតផលរបស់ពួកគេឡើងវិញបាន ។
យោងតាមរបាយការណ៍ចុងក្រោយផ្តល់ជូនដោយក្រុមការពារស៊ីវិលតំបន់ Rio Grande do Sul កាលពីថ្ងៃពុធ បានឲ្យដឹងថា ព្យុះ និងទឹកជំនន់ ចាប់តាំងពីចុងខែមេសារហូតមក បានធ្វើឲ្យប៉ះពាល់ដល់ទីក្រុងចំនួន ៤៧៦ ធ្វើឲ្យមនុស្ស៥៧២.៧៨១នាក់ ត្រូវជម្លៀសខ្លួន មនុស្ស ៨០៦នាក់ បានរងរបួស មនុស្ស ១៧២នាក់ បានស្លាប់ និងមនុស្ស ៤១នាក់ បាត់ខ្លួន ៕