ភ្នំពេញ ៖ ក្រោយទទួលបានការប្រគល់សិទ្ធិពេញសមត្ថភាពពី សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ឯកឧត្តម គី តិច ទេសរដ្ឋមន្ដ្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានមេធាវីរាជរដ្ឋាភិបាល កាលពីនៅរសៀលថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៤ បានបន្ដជួបជាមួយជនរងគ្រោះចំនួន៣១០នាក់ ក្នុងសំណុំរឿងក្រុមហ៊ុនរបស់អតីតឧកញ៉ា ឡេង ចាន់ណា ដែលជាក្រុមជាទី៣។ ជំនួបនេះធ្វើឡើងនៅទីស្ដីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។
ឯកឧត្តម គី តិច បានអះអាងថា ក្រោយទទួលបានការប្រគល់សិទ្ធិពីសម្ដេចធិបតី ហ៊ុន ម៉ាណែត ក្រុមមេធាវីរាជរដ្ឋាភិបាល បានចាត់ចែងក្រុមការងារបន្ទាន់ភ្លាមៗ ដើម្បីផ្ដល់មធ្យោបាយជូនប្រជាពលរដ្ឋដែលជាជនរងគ្រោះ។
ឯកឧត្តម បានបញ្ជាក់ថា ការជួបជាមួយប្រជាពលរដ្ឋលើកទី៣ ជាង៣០០នាក់នៅពេលនេះ ក្រោយក្រុមមេធាវីរាជរដ្ឋាភិបាលបានជួបជាមួយជនរងគ្រោះ២លើករួចមកហើយ។ តាមព័ត៌មានដែលក្រុមមេធាវីរាជរដ្ឋាភិបាល ទទួលបាន មានប្រជាពលរដ្ឋជាង៣០០០នាក់ បានអះអាងថា ជនរងគ្រោះក្នុងករណីនេះ។ ឯកឧត្តម បានបន្ថែមថា ការជួបប្រជាពលរដ្ឋរងគ្រោះនៅពេលនេះ ក៏មិនខុសពីលើកមុនៗដែរ ពោលធ្វើឡើងក្នុងគោលបំណងធំចំនួន២ រួមមាន ទី១៖ ការប្រគល់សិទ្ធិជាតំណាងដោយស្របច្បាប់ជូនមេធាវី តាមរយៈការផ្ដិតមេដៃដោយស្ម័គ្រចិត្តគ្មានការបង្ខិតបង្ខំ និងទី២៖ ប្រមូលយកភស្ដុតាងដែលបញ្ជាក់ថា ពួកគាត់ជាជនរងគ្រោះយ៉ាងពិតប្រាកដ។ នៅពេលជនរងគ្រោះប្រគល់សិទ្ធិរួចរាល់ហើយនោះ មេធាវីមានសិទ្ធិបន្តការពារក្ដីក្នុងសំណុំរឿងដែលប្រគល់សិទ្ធិប៉ុណ្ណោះ ពោលមិនអាចទៅអនុវត្តអ្វីដែលលើសនេះឡើយ ដូច្នេះហើយសូមជនរងគ្រោះទាំងអស់កុំព្រួយបារម្ភ។
ឯកឧត្តម បានបន្ថែមទៀតថា កន្លងមកសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា តែងតាមដានជាប់ជាប្រចាំចំពោះការវិវឌ្ឍន៍ថ្មីៗ ក្នុងសំណុំរឿងនេះ។ កន្លងមកអាជ្ញាធរបាន ចាប់ជនពាក់ព័ន្ធ និងបញ្ចប់មុខងារឧកញ៉ា កំពុងស្វះស្វែងគ្រប់មធ្យោបាយទាំងអស់ ដើម្បីជួយជនរងគ្រោះ។ រាជរដ្ឋាភិបាលបានចាត់បញ្ជាក្រុមការងារជំនាញមួយក្រុមទៀត ដើម្បីស្រាវជ្រាវរកទ្រព្យសម្បត្តិរបស់បក្ខពួកអតីតឧកញ៉ា ឡេង ចាន់ណា ដែលបានពីការឆបោកប្រជាពលរដ្ឋនាពេលកន្លងទៅនេះ។ សូមបញ្ជាក់ថា ការប្រគល់សិទ្ធិដោយស្របច្បាប់នៅពេលនេះ មិនតម្រូវឲ្យមានការបង់ប្រាក់នោះទេ។នេះក៏ជាលើកទី១ ដែលក្រុមមេធាវីរាជរដ្ឋាភិបាលបាន ការពារក្តីជូនពលរដ្ឋក្នុងសំណុំរឿងឯកជន។
សូមរំលឹកថា កាលពីថ្ងៃទី២៩ ខែឧសភា និងថ្ងៃទី០២ ខែមិថុនាកន្លងទៅនេះ ក្រុមមេធាវីរាជរដ្ឋាភិបាលបានជួបជាមួយជនរងគ្រោះ ចំនួន២លើករួចមកហើយ សរុបប្រមាណ៥០០នាក់។ ការជួបនេះនឹងធ្វើឡើងជាបន្ដបន្ទាប់ រហូតទាល់តែគ្រប់ចំនួនជនរងគ្រោះ ដើម្បីទទួលយកព័ត៌មានផ្សេងៗ និងបញ្ចប់រាល់ចម្ងល់ទាំងអស់របស់ជនរងគ្រោះ៕ អត្ថបទ៖ សូដាវណ្ណ
















