បាល់ទាត់៖ ក្លិបអង់គ្លេស Brighton បានសំរេចក្នុងការនាំយកខ្សែបម្រើជប៉ុន Kaoru Mitoma ពីក្លិបជប៉ុន Kawasaki Frontale តែបញ្ចេញឱ្យក្លិបប៊ែលហ្ស៊ិក Royal Union Saint-Gilloise ខ្ចីពេញមួយរដូវកាល។ កីឡាករវ័យ ២៤ឆ្នាំរូបនេះបានមកដល់ Brighton ជាមួយនឹងកិច្ចសន្យា ៤ឆ្នាំ។

Kaoru Mitoma គឺជាសមាជិកសំខាន់របស់ក្រុមជំរើសជាតិជប៉ុនអាយុក្រោម ២៣ឆ្នាំដែលឈានឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រអូឡាំពិកទីក្រុងតូក្យូថ្មីៗនេះ ទទួលបានចំណាត់ថ្នាក់លេខ៤ ក្រោយចាញ់ម៉ិកស៊ិកក្នុងការប្រកួតដណ្តើមមេដាយសំរឹទ្ធ។ ក្រៅពីជាជំរើសជាតិជប៉ុនអាយុក្រោម ២៣ឆ្នាំ Kauro Mitoma បង្ហាញខ្លួនបាន ៦៤ប្រកួតស៊ុតបញ្ចូលទីបាន ៣០គ្រាប់ឱ្យ Kawasaki Frontale ដែលរួមមានជួយក្រុមឈ្នះជើងឯកលីគកំពូលជប៉ុន J1-League និង Japanese League Cup ផងដែរ។ ចំណែក Brighton នឹងចាប់ផ្តើមរដូវកាលថ្មី English Premier League នៅថ្ងៃសៅរ៍ចុងសប្តាហ៍នេះហើយ ដោយនឹងត្រូវធ្វើដំណើរទៅទឹកដី Burnley៕
អត្ថបទ៖នាង សុភាវុធ