សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា វិទ្យាសាស្រ្ត និងបច្ចេកវិទ្យាគឺជានិច្ចកាលជាសរសរស្តម្ភដ៏សំខាន់ដែលទ្រទ្រង់វឌ្ឍនៈភាពរបស់មនុស្សជាតិ ហើយការជឿនលឿននូវបច្ចេកវិទ្យានេះ បានផ្លាស់ប្តូរនូវមូលដ្ឋានឧស្សាហកម្ម និងទិដ្ឋភាពសង្គមផងដែរ។
ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីភាពបើកកិច្ចប្រជុំរដ្ឋមន្រ្តីអាស៊ានផ្នែកវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍លើកទី២០ នៅខេត្តសៀមរាប នាថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា វិទ្យាសាស្រ្តបច្ចេកវិទ្យានេះ បានជួយផ្តល់ដំណោះស្រាយផ្សេងៗ បានជួយឲ្យជីវិត របស់មនុស្សរស់នៅកាន់តែប្រសើរ ងាយស្រួលជាងមុន និងថែមទាំងជួយពង្រឹងវិសាលភាពរបស់មនុស្សជាតិឲ្យកាន់តែល្អប្រសើរផងដែរ។
នៅក្នុងឱកាសនោះដែរ សម្តេចធិបតី នាយករដ្ឋមន្រ្តីក៏បានលើកឡើងផងងដែរថា បច្ចេកវិទ្យា និងវិទ្យាសាស្រ្តបន្តវិវត្តន៍ក្នុងល្បឿនយ៉ាងលឿន ហើយវាមានភាពចាំបាច់ដែលពិភពលោកត្រូវការប្រើប្រាស់ និងត្រួតពិនិត្យឲ្យបានម៉ត់ចត់លើបច្ចេកវិទ្យាដែលកំពុងលេចឡើងថ្មី ដែលវាអាចមានលទ្ធភាព និងឥទ្ធិពលកែប្រែពិភពលោក និងតម្រង់ទិសវឌ្ឍនៈភាពនៃបច្ចេកវិទ្យា ដើម្បីឲ្យវាអាចបម្រើគាំទ្រដល់បរិយាបន្ន និងភាពនៃការអភិវឌ្ឍប្រកបដោយចីរភាព និងភាពធនជាដើម។ សម្តេចធិបតី បានបន្ថែមទៀតថា ការជួបជុំគ្នានាឱកាសនេះ គឺជាឱកាសមួយរួមគ្នាសិក្សាឈ្វេងយល់ពីប្រធានបទសំខាន់ៗ ពោលគឺការប្រើប្រាស់បញ្ញាសិប្បនិមិត្តដំណើរទៅអនាគត៕អត្ថបទបាន ចក់


