មហាអំណាចអឺរ៉ុបចំនួនបីបានដាក់លិខិតទៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដោយរៀបរាប់លម្អិតអំពីការរំលោភរបស់អ៊ីរ៉ង់ លើកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ របស់ខ្លួន ដោយនោះជាជំហានមួយដែលក្រុមអ្នកការទូតបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (០៦ មិថុនា) ថាមានគោលបំណងដាក់សម្ពាធលើទីក្រុងតេអេរ៉ង់ ឱ្យដោះស្រាយបញ្ហាតាមការទូត និងដើម្បីជៀសវាងការដាក់ទណ្ឌកម្មឡើងវិញពីអង្គការសហប្រជាជាតិ។

លិខិតរបស់អង់គ្លេស បារាំង និងអាល្លឺម៉ង់ មិនបានគម្រាមកំហែងយ៉ាងច្បាស់ថានឹង «ដាក់ម្ដងទៀត» នូវទណ្ឌកម្មរបស់អង្គការសហប្រជាជាតិទេ ប៉ុន្តែបានបញ្ជាក់ថា សេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិលេខ ២២៣១ ដែលកំណត់កិច្ចព្រមព្រៀងនុយក្លេអ៊ែរ និងផ្តល់អំណាចនុយក្លេអ៊ែរនោះ ផុតកំណត់នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៥។

នៅក្នុងលិខិតរបស់ខ្លួន អ៊ីរ៉ង់បានច្រានចោលគោលជំហរអឺរ៉ុប ដោយបានលើកឡើងថា ប្រធានាធិបតីសហរដ្ឋអាមេរិកនៅពេលនោះ គឺលោក ដូណាល់ ត្រាំ (Donald Trump) មិនបានគោរពកិច្ចព្រមព្រៀងនុយក្លេអ៊ែរនៅឆ្នាំ២០១៨ ទេ ហើយបានដាក់ទណ្ឌកម្មសេដ្ឋកិច្ចឡើងវិញរបស់សហរដ្ឋអាមេរិក លើប្រទេសអ៊ីរ៉ង់ ដោយអះអាងក្នុងហេតុផលថាអ៊ីរ៉ង់ មានសិទ្ធិក្នុងការពង្រីកការងារនុយក្លេអ៊ែររបស់ខ្លួន។
កិច្ចខិតខំប្រឹងប្រែងរបស់ចក្រភពអង់គ្លេស បារាំង និងអាល្លឺម៉ង់ ដែលត្រូវបានគេស្គាល់ក្រៅផ្លូវការថាប្រទេស E3 ដើម្បីបង្កើនសម្ពាធលើអ៊ីរ៉ង់ ក៏អាចមើលឃើញនៅសប្តាហ៍នេះផងដែរនៅឯទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) ជាទីដែលពួកគេបានជំរុញដោយជោគជ័យនូវសេចក្ដីសម្រេចរិះគន់អ៊ីរ៉ង់ បើទោះបីជាសហរដ្ឋអាមេរិក មិនយល់ស្របក៏ដោយ៕
