មហាសន្និបាតអង្គការសហប្រជាជាតិ បានបោះឆ្នោតជ្រើសរើសអតីតនាយករដ្ឋមន្ត្រីប្រទេសកាមេរូន លោក Philemon Yang ជាប្រធានបន្ទាប់របស់ខ្លួន។ អាណត្តិរយៈពេលមួយឆ្នាំរបស់លោក នឹងចាប់ផ្តើមនៅខែកញ្ញា។ នៅក្នុងសុន្ទរកថា កាលពីថ្ងៃព្រហស្បតិ៍ លោក Yang បាននិយាយថា ភាពតានតឹងភូមិសាស្ត្រនយោបាយ នៅតែបន្តជំរុញការមិនទុកចិត្តគ្នាក្នុងចំណោមរដ្ឋ និងបង្កើនការប្រកួតប្រជែងសព្វាវុធ។

លោកបាននិយាយថា ជម្លោះកំពុងកើនឡើងនៅក្នុងតំបន់ជាច្រើននៃពិភពលោក ដោយមានចំនួនជនស៊ីវិលស្លាប់យ៉ាងច្រើន ហើយករណីនៅតំបន់ហ្កាហ្សា និងនៅអ៊ុយក្រែន គឺជាគំរូដ៏ឈឺចាប់បំផុត ទាក់ទងទៅនឹងជម្លោះ។
មហាសន្និបាត បានបោះឆ្នោតជ្រើសរើសសមាជិកមិនអចិន្ត្រៃយ៍ចំនួនប្រាំរូបនៃក្រុមប្រឹក្សាសន្តិសុខសម្រាប់អាណត្តិរយៈពេលពីរឆ្នាំ ចាប់ពី ខែមករា ឆ្នាំ ២០២៥។

ប្រទេសដាណឺម៉ាក ក្រិក ប៉ាគីស្ថាន ប៉ាណាម៉ា និងប្រទេសសូម៉ាលី ត្រូវបានបោះឆ្នោតជ្រើសរើសពីបេក្ខជន ដែលតំណាងឱ្យតំបន់នីមួយៗ នៅលើពិភពលោក។ ប្រទេសប៉ាគីស្ថាន នឹងជំនួសប្រទេសជប៉ុន ជាអ្នកតំណាងតំបន់អាស៊ី-ប៉ាស៊ីហ្វិកនៅឆ្នាំក្រោយ។
មហាសន្និបាតអង្គការសហប្រជាជាតិ និងក្រុមប្រឹក្សាសន្តិសុខ បន្តស្វែងរកមធ្យោបាយដើម្បីដោះស្រាយបញ្ហាប្រឈមមុខដាក់គ្នាកាន់តែជ្រៅ និងភាពខ្វែងគំនិតគ្នា ក្នុងពេលការវាយលុករបស់រុស្ស៊ីលើអ៊ុយក្រែន និងការប្រយុទ្ធគ្នា រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស។