កាលពីថ្ងៃព្រហស្បតិ៍ អេស្បាញបានក្លាយជាប្រទេសអឺរ៉ុបដំបូងគេដែលស្នើសុំតុលាការអង្គការសហប្រជាជាតិសម្រាប់ការអនុញ្ញាតឲ្យចូលរួមក្នុងសំណុំរឿងរបស់អាហ្វ្រិកខាងត្បូង ដែលចោទប្រកាន់អ៊ីស្រាអែល ពីបទប្រល័យពូជសាសន៍ នៅក្នុងតំបន់ហ្កាហ្សា។

អាហ្រ្វិកខាងត្បូង បានដាក់ពាក្យប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិកាលពីចុងឆ្នាំមុន។ ពាក្យបណ្តឹងនោះ បានចោទប្រកាន់ថា អ៊ីស្រាអែល កំពុងបំពានលើអនុសញ្ញាប្រល័យពូជសាសន៍ ក្នុងការវាយលុកផ្នែកយោធារបស់ខ្លួន ដែលបានបណ្តាលឲ្យតំបន់ហ្កាហ្សារងការខូចខាតស្ទើរតែទាំងស្រុង។

តុលាការ បានបញ្ជាឲ្យអ៊ីស្រាអែលបញ្ឈប់ការវាយលុកយោធារបស់ខ្លួនភ្លាមៗ នៅក្នុងទីក្រុងរ៉ាហ្វា ភាគខាងត្បូងនៃតំបន់ហ្កាហ្សា និងបានបញ្ជាឲ្យមានបទឈប់បាញ់សម្រាប់ទឹកដីនេះ។ អ៊ីស្រាអែល មិនបានអនុវត្តតាម ហើយមិនបង្ហាញសញ្ញានៃការធ្វើដូច្នេះទេ។
នាយករដ្ឋមន្ត្រីអេស្ប៉ាញលោក Pedro Sanchez បាននិយាយបន្ទាប់ពីរដ្ឋមន្ត្រីការបរទេសរបស់ខ្លួន បានធ្វើសេចក្តីប្រកាសថា «មិនគួរមានការងឿងឆ្ងល់ទេថា អេស្ប៉ាញ នឹងនៅតែស្ថិតនៅផ្នែកដ៏ត្រឹមត្រូវនៃបញ្ហានេះ»។
ប្រទេសម៉ិកស៊ិក កូឡុំប៊ី នីការ៉ាហ្គ័រ លីប៊ី និងប៉ាឡេស្ទីន កំពុងរង់ចាំតុលាការយុត្តិធម៌អន្តរជាតិ នៅទីក្រុងឡាអេ ប្រទេសហូឡង់ ផ្តល់ការយល់ព្រមចំពោះសំណើរបស់ពួកគេ ដើម្បីចូលរួមសំណុំរឿងនេះ។
អ៊ីស្រាអែលបដិសេធថា ខ្លួនមិនបានប្រព្រឹត្តអំពើប្រល័យពូជសាសន៍ នៅក្នុងប្រតិបត្តិការយោធារបស់ខ្លួនដើម្បីកម្ទេចក្រុមហាម៉ាស ដែលបង្កឡើងដោយការវាយប្រហារដ៏សាហាវរបស់ខ្លួន កាលពីថ្ងៃទី៧ ខែតុលា នៅប្រទេសអ៊ីស្រាអែលភាគខាងត្បូងទេ។