
ឧត្តមសេនីយ៍ជាន់ខ្ពស់របស់សម្ព័ន្ធភាពយោធា លោក Christopher Cavoli បានប្រាប់សារព័ត៌មាន AFP កាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសជាសមាជិករបស់អង្គការណាតូ បានត្រៀមខ្លួនរួចជាស្រេច ដើម្បីការពារខ្លួន ប៉ុន្តែចាំបាច់ត្រូវបង្កើនការផលិតគ្រឿងយុទ្ធោបករណ៍។
ខណៈដែលប្រទេសសម្ព័ន្ធមិត្តទាំងអស់ បានប្រារព្ធខួបលើកទី៨០នៃថ្ងៃកងទ័ពឡើងគោក(D-Day) ដែលបានចាប់ផ្តើមរំដោះប្រទេសបារាំងពីការកាន់កាប់របស់ណាហ្ស៊ីអាល្លឺម៉ង់ មេបញ្ជាការសម្ព័ន្ធមិត្តកំពូលអឺរ៉ុបលោក Cavoli បានងាកផ្តោតទៅលើការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន និងការគំរាមកំហែងអនាគតដ៏មានសក្តានុពលរបស់ទីក្រុងមូស្គូចំពោះបណ្តាប្រទេសណាតូ។
លោក Cavoli បាននិយាយនៅក្នុងទីក្រុង Normandy ថា អង្គការណាតូ ត្រៀមខ្លួនជាស្រេច ដើម្បីធ្វើការការពារដែនដីសមូហភាព»។
លោកបានចង្អុលទៅសមយុទ្ធដ៏ធំមួយ ដែលមានឈ្មោះថា Steadfast Defender 24 ដែលមានការចូលរួមពីទាហានណាតូចំនួន ៩០.000 នៅទូទាំងបណ្តាប្រទេសអឺរ៉ុប ចាប់ពីខែមករា ដល់ខែឧសភា។
លោក Cavoli បានបញ្ជាក់ថា៖«យើងបានផ្លាស់ប្តូរការផ្តោតការយកចិត្តទុកដាក់របស់យើងទាំងស្រុង ក្នុង រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ យើងធ្លាប់ធ្វើប្រតិបត្តិការក្រៅតំបន់ ឥឡូវនេះ យើងផ្តោតលើការការពារទឹកដីរបស់សម្ព័ន្ធមិត្ត»។
លោកបានបន្ថែមថា៖«នៅពេលនិយាយអំពីយុទ្ធោបករណ៍... យើងត្រូវផលិតបន្ថែមទៀត យើងត្រូវពង្រីកមូលដ្ឋានឧស្សាហកម្មរបស់យើង»។
ការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន និងការការពារដែលគាំទ្រដោយលោកខាងលិចរបស់ទីក្រុងគីវ បានបង្ហាញពីការចង់បានគ្រឿងយុទ្ធោបករណ៍ទំនើប និងឧបករណ៍ផ្សេងទៀតសម្រាប់ជម្លោះនេះ។