
ប្រមុខអង្គការសហប្រជាជាតិ (UN) លោក Antonio Guterres កាលពីថ្ងៃព្រហស្បតិ៍ (ទី៦ ខែមិថុនា) បាននិយាយថា លោក «ថ្កោលទោសយ៉ាងខ្លាំងក្លា» ចំពោះការវាយប្រហារថ្មីៗនេះ ពីសំណាក់យោធារបស់សហភាពមីយ៉ាន់ម៉ា ដែលបានសម្លាប់ជនស៊ីវិលជាច្រើននាក់ នៅរដ្ឋ Rakhine ភាគខាងលិច និងតំបន់ Sagain ភាគខាងជើង ក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ។
អ្នកនាំពាក្យរបស់លោក Guterres គឺលោក Stephane Dujarric បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ថា៖ «លោកអគ្គលេខាធិការ ថ្កោលទោសយ៉ាងខ្លាំងចំពោះការវាយប្រហារថ្មីៗនេះ ដោយយោធាមីយ៉ាន់ម៉ា ដែលបានសម្លាប់ជនស៊ីវិលជាច្រើននាក់ ក្នុងនោះរួមទាំងនៅក្នុងរដ្ឋ Rakhine ផងដែរ»។
ការប៉ះទង្គិចគ្នាបានធ្វើឲ្យកក្រើករដ្ឋ Rakhine ចាប់តាំងពីកងទ័ពអារ៉ាកាន (AA) បានវាយប្រហារកងកម្លាំងរបស់របបយោធាដែលកំពុងកាន់អំណាចក្នុងខែវិច្ឆិកា ដោយបញ្ចប់បទឈប់បាញ់ ដែលត្រូវបានធ្វើឡើងយ៉ាងទូលំទូលាយ ចាប់តាំងពីមានរដ្ឋប្រហារយោធានៅឆ្នាំ២០២១។
AA និយាយថា ខ្លួនកំពុងប្រយុទ្ធដើម្បីស្វ័យភាពបន្ថែមទៀត សម្រាប់ប្រជាជនជនជាតិភាគតិច ក្នុងរដ្ឋ Rakhine ដែលជាជម្រករបស់សមាជិកប្រហែល ៦០០.០០០នាក់នៃជនជាតិភាគតិចមូស្លីមរ៉ូហ៊ីងយ៉ាដែលត្រូវបានធ្វើទុក្ខបុកម្នេញ។ នៅសប្តាហ៍នេះ ក្រុមនេះបាននិយាយថា កងទ័ពរដ្ឋាភិបាលបានសម្លាប់ជនស៊ីវិល Rakhine ជាង ៧០នាក់ នៅក្នុងការវាយឆ្មក់លើភូមិ Byain Phyu នៅភាគខាងជើងរដ្ឋធានី Sittwe។ តែរបបយោធាបានប្រាប់ថា ការអះអាងនេះ គឺជាការឃោសនា។
គួរបញ្ជាក់ថា សេវាទូរសព្ទ និងអ៊ីនធឺណិត ត្រូវបានកាត់ផ្តាច់ នៅទូទាំងរដ្ឋ Rakhine ដែលធ្វើឲ្យទំនាក់ទំនងពិបាក៕