
រដ្ឋមន្ត្រីការបរទេស និងពាណិជ្ជកម្មហុងគ្រី កាលពីថ្ងៃព្រហស្បតិ៍ (ទី៦ ខែមិថុនា) បាននិយាយថា ប្រទេសហុងគ្រីនឹងបន្តនាំចូលឧស្ម័នធម្មជាតិពីប្រទេសរុស្ស៊ី បើទោះបីជាប្រឈមនឹងសម្ពាធយ៉ាងខ្លាំងក្លាពីប្រព័ន្ធផ្សព្វផ្សាយ និងសម្ព័ន្ធមិត្តក៏ដោយ។
រដ្ឋមន្ត្រីលោក Peter Szijjarto បានធ្វើការអត្ថាធិប្បាយបែបនេះ នៅពេលលោកចូលរួម ក្នុងវេទិកាសេដ្ឋកិច្ចអន្តរជាតិ St. Petersburg (SPIEF) ស្តីពីប្រទេសរុស្ស៊ី។ លោក Szijjarto បាននិយាយថា ប្រទេសហុងគ្រី បាន និងកំពុងប្រឈមនឹងសម្ពាធយ៉ាងខ្លាំងក្លាពីសម្ព័ន្ធមិត្តអឺរ៉ុបរបស់ខ្លួន ក្នុងរយៈពេល ២ឆ្នាំកន្លះចុងក្រោយនេះ ដោយជំរុញឲ្យប្រទេសរបស់លោកបញ្ឈប់ការនាំចូលប្រេង និងឧស្ម័នធម្មជាតិពីប្រទេសរុស្ស៊ី។
នៅក្នុងបទសម្ភាសន៍ផ្តាច់មុខជាមួយបណ្តាញទូរទស្សន៍សកលចិន (CGTN) លោករដ្ឋមន្ត្រីរូបនេះ បាននិយាយថា៖ «ប៉ុន្តែយើងមិនបោះបង់នោះទេ ព្រោះយើងជាប្រទេសអធិបតេយ្យ ហើយសម្រាប់យើង អ្វីដែលសំខាន់ គឺផលប្រយោជន៍ជាតិ។ សម្រាប់យើង អ្វីដែលសំខាន់ គឺថា យើងមានកាតព្វកិច្ច ក្នុងនាមជារដ្ឋាភិបាលមួយ ត្រូវធានាការផ្គត់ផ្គង់ប្រទេស ប្រកបដោយសុវត្ថិភាព នៅពេលនិយាយដល់ថាមពល។ នេះជាការទទួលខុសត្រូវរបស់យើង ហើយយើងនឹងសម្រេចឲ្យបាននូវការទទួលខុសត្រូវនេះ។ នេះគឺដើម្បីយើងទាំងអស់គ្នា»។
ជាមួយគ្នានេះ លោក Szijjarto ក៏បានសង្កត់ធ្ងន់ដែរថា សម្រាប់គណបក្សរបស់លោក គឺគណបក្សសម្ព័ន្ធពលរដ្ឋហុងគ្រីស្តាំនិយម ការគាំទ្រពីប្រជាជនហុងគ្រី គឺសំខាន់ជាងឆន្ទៈរបស់ប្រជាជាតិផ្សេងទៀត៕