ប្រជាជននៅក្នុងរដ្ឋធានីប្រទេសឥណ្ឌា បានឈរតម្រង់ជួរយ៉ាងវែងនៅជិតរថយន្តដឹកទឹក កាលពីថ្ងៃសុក្រ ខណៈពួកគេបន្តប្រឈមមុខទៅនឹងកង្វះទឹកធ្ងន់ធ្ងរ ក្នុងពេលប្រភពទឹក បានរីងស្ងួតដោយសារតែរលកកម្តៅខ្លាំង។
ប្រជាជន នៅតំបន់សំណង់មិនរៀបរយមួយកន្លែងក្នុងតំបន់ Okhla Phase-2 នៅទីក្រុង New Delhi ត្រូវបានគេមើលឃើញ កំពុងប្រមូលផ្តុំគ្នានៅជុំវិញរថយន្តដឹកទឹក បន្ទាប់ពីរថយន្តបានមកដល់ភ្លាមៗ។ ពលរដ្ឋនិយាយថា ទោះជាយ៉ាងណា ទឹកបានមកពីរថយន្តដឹកទឹក មិនគ្រប់គ្រាន់សម្រាប់កម្រិតប្រើប្រាស់របស់ពួកគេនោះទេ។

ទន្ទឹមនឹងនេះ រដ្ឋមន្ត្រីក្រសួងសាធារណការទីក្រុង Delhi លោក Atishi បានពិនិត្យរោងចក្រប្រព្រឹត្តិកម្មទឹក Wazirabad និងបាននិយាយថា វិបត្តិនេះ គឺដោយសារតែកម្រិតទឹកទាបនៅក្នុងទន្លេ Yamuna ដែលជាប្រភពទឹកចម្បង របស់ទីក្រុង Delhi។
កាលពីពេលថ្មីៗនេះ តុលាការកំពូលរបស់ប្រទេសឥណ្ឌា បានបង្គាប់ឱ្យរដ្ឋតំបន់ភ្នំ ហ៊ីម៉ាឆាល ប្រទេស(Himachal Pradesh) បញ្ចេញទឹក ចូលទៅក្នុងអាងស្តុកទឹក Wazirabad ទីក្រុង New Delhi តាមរយៈទំនប់ក្នុងស្រុកមួយ នៅភាគខាងជើងរដ្ឋ Haryana ដើម្បីជួយរដ្ឋធានី ទប់ទល់វិបត្តិនេះ។
ការកើតឡើងស្របគ្នានៃកត្តាជាច្រើន បាននាំឱ្យមានរដូវក្តៅ ក្តៅខ្លាំងនៅអាស៊ីខាងត្បូង ជានិន្នាការមួយ ដែលអ្នកវិទ្យាសាស្ត្រនិយាយថា កាន់តែធ្ងន់ធ្ងរទៅៗដោយបម្រែបម្រួលអាកាសធាតុ បង្កឡើងដោយមនុស្ស។
ទីក្រុង New Delhi បានកត់ត្រាសីតុណ្ហភាពប្រហែល៥០ អង្សាសេ ជាលើកដំបូងក្នុងសប្តាហ៍នេះ ដោយបង្ខំឱ្យអាជ្ញាធររឹតត្បិតការផ្គត់ផ្គង់ទឹក បិទសាលារៀន និងបង្កើតមជ្ឈមណ្ឌលជំងឺសុរិយៈរោគនៅតាមមន្ទីរពេទ្យ។
