ជនជាតិប៉ាឡេស្ទីនជាច្រើននាក់ ដែលរងរបួសនៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែលនោះ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យទុក្ករបុគ្គល អាល់ អាក់សា (Al-Aqsa) ក្នុងក្រុង ដេ អាល់ បាឡាស(Deir al-Balah) កាលពីថ្ងៃសៅរ៍កន្លងទៅនេះ។

ក្រសួងសុខាភិបាលប៉ាឡេស្ទីន បាននិយាយថា ក្រុមវេជ្ជសាស្រ្ដ នៅមន្ទីរពេទ្យទុក្ករបុគ្គល អាល់អាក់សា (Al-Aqsa) កំពុងតស៊ូ គ្រប់គ្រងនូវកំណើនចំនួនអ្នករបួស ដែលត្រូវបញ្ជូនទៅព្យាបាល។
មន្រ្ដីសុខាភិបាលម្នាក់ នៅក្នុងតំបន់ហ៊ុមព័ទ្ធដែលគ្រប់គ្រង ដោយក្រុមហាម៉ាស បានប្រាប់អ្នកសារព័ត៌មាន Reuters កាលពីថ្ងៃសៅរ៍ថា ជនជាតិប៉ាឡេស្ទីនយ៉ាងហោចណាស់ ៥០នាក់ បានស្លាប់នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែល នៅសង្កាត់ នូសេរ៉ាត់ (Nuseirat) និងសង្កាត់ផ្សេងទៀតនៅតំបន់ហ្កាហ្សាភាគកណ្តាល។
ទីភ្នាក់ងារសារព័ត៌មានប៉ាឡេស្ទីន WAFA ផ្លូវការ បាននិយាយថា យន្ដហោះចម្បាំង និងកាំភ្លើងធំ បានបង្កើនការទម្លាក់គ្រាប់បែកយ៉ាងខ្លាំងទៅលើសង្កាត់ អាល់ ហ្សាយទូន (Al-Zaytoun) និងសង្កាត់ តាល់ អាល់ ហាវ៉ា (Tal Al-Hawa) ជិតខាង ក្នុងក្រុង ហ្កាហ្សា ស៊ីធី (Gaza City) និង សង្កាត់ នូសេរ៉ាត់ (Nuseirat) និងជំរំ ម៉ាហ្កាហ្ស៊ី(Maghazi) ហើយនិង ជំរំអាល់ ប៊ួរេច (Al-Bueij) នៅតំបន់ហ្កាហ្សាភាគកណ្តាល៕