ព្រះសីហនុ៖ ឯកឧត្ដមឧត្តមសេនីយ៍ឯកបណ្ឌិត ណុប នរិន្ទ អគ្គនាយករងអន្តោប្រវេសន៍ នៅថ្ងៃម្សិលមិញនេះ បានណែនាំ និងក្រើនរំលឹកដល់មន្ដ្រីរបស់ខ្លួន ឱ្យគោរពវិន័យ ពង្រឹងការសាមគ្គីភាពផ្ទៃក្នុង ឲ្យបានល្អប្រសើរថែមទៀត ការស្លៀកពាក់ឯកសណ្ឋានឱ្យបានត្រឹមត្រូវក្នុងពេលបំពេញការងារ។
ថ្លែងនៅថ្ងៃទី៨ខែមិថុនាម្សិលមិញនេះ ខណៈឯកឧត្ដមឧត្តមសេនីយ៍ឯកបណ្ឌិត ណុប នរិន្ទ អគ្គនាយករង និងជាប្រធានក្រុមការងាររៀបចំត្រួតពិនិត្យ បើកប្រអប់សំបុត្រតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គនាយកអន្តោប្រវេសន៍ បានដឹកនាំក្រុមការងារ ចុះបើកប្រអប់សំបុត្រនៅប៉ុស្ដិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្ដរជាតិខេត្តព្រះសីហនុ ប៉ុស្ដិ៍នគរបាលច្រកទ្វារកំពង់ផែអន្ដរជាតិ ស្ទឹងហាវ និងឧកញ៉ាម៉ុង នៃនាយកដ្ឋានច្រកទ្វារទី១ និងទី២ ។
ក្នុងឱកាសនោះ ឯកឧត្ដម ក៏បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខរបស់ឯកឧត្តមឧត្ដមសេនីយ៍ឯកអគ្គនាយកដល់មន្រ្តីនគរបាលអន្តោប្រវេសន៍ដែលប្រចាំការនៅទីនោះផងដែរ។
ជាមួយគ្នានេះដែរឧត្តមសេនីយ៍ឯក ណុប នរិន្ទ បានធ្វើការកោតសរសើរចំពោះការខិតខំប្រឹងប្រែងធ្វើការងារ និងការធ្វើបដិសណ្ឋារកិច្ចចំពោះភ្ញៀវជាតិ-អន្ដរជាតិដោយបញ្ចេញស្នាមញញឹមរាក់ទាក់ស្វាគមន៍របស់មន្ត្រីនគរបាលអន្តោប្រវេសន៍ផងដែរ។






៕