ប្រដាល់សកល៖ សហព័ន្ធកីឡាប្រដាល់សកលកម្ពុជា បានបង្ហាញបេក្ខភាពកីឡាករ ៣រូប ដែលត្រូវបញ្ជូនទៅហ្វឹកហាត់នៅប្រទេសបារាំងហើយ រួមមានម្ចាស់មេដាយសំរឹទ្ធស៊ីហ្គេមឆ្នាំ២០១៩ នៅហ្វីលីពីន សៅ រង្សី, កីឡាករកំពុងឡើងដៃ សែត សារឹទ្ធ និង វី សុភ័ស។ ប៉ុន្តែគួរឲ្យសោកស្ដាយបេសកកម្មបោះជំរំហ្វឹកហាត់នៅអឺរ៉ុបនេះត្រូវពន្យារពេល ដោយសារបញ្ហាស្នើសុំទិដ្ឋាការទៅប្រទេសបារាំង។
លោក ប៊ុយ សុភ័ណ្ឌ អគ្គលេខាធិការសហព័ន្ធបានឲ្យដឹងថា ដំបូងឡើយកីឡាករទាំង ៣រូបនេះត្រូវបញ្ជូនទៅហ្វឹកហាត់នៅបារាំងនៅថ្ងៃទី១៣ ខែសីហាសប្ដាហ៍នេះ ប៉ុន្តែដោយសារការស្នើសុំទិដ្ឋាការនៅស្ថានទូតបារាំងជួបបញ្ហា សហព័ន្ធក៏ពន្យារពេលបញ្ជូនទៅដើមខែកញ្ញាវិញ ហើយការពន្យារពេលនេះក៏ធ្វើឲ្យខាតពេលក្នុងការបោះជំរំដែរ ដ្បិតតាមគម្រោងពួកគេត្រូវហ្វឹកហាត់រយៈពេល ៣ខែនៅទីនោះ។ សម្រាប់ផែនការបញ្ជូនកីឡាករទៅហ្វឹកហាត់ក្រៅស្រុកនេះ គឺទទួលបានការឧបត្ថម្ភគាំទ្រពីគណៈកម្មាធិការជាតិ រៀបចំការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ (CAMSOC) និងក្រសួងអប់រំ យុវជន និងកីឡា ក៏ដូចជាការសហការរវាងសហព័ន្ធជាមួយក្លិប Sportif នៅទីក្រុង Nouzonville ប្រទេសបារាំង ដែលបេសកកម្មនេះនឹងដឹកនាំដោយគ្រូបង្វឹកជម្រើសជាតិជនជាតិគុយបា លោក Felix Merlin Martinez។
គោលដៅសំខាន់នៃការបោះជំរំហ្វឹកហាត់នៅបារាំង របស់កីឡាករប្រដាល់សកលទាំង ៣រូបនេះគឺដើម្បីពង្រឹងសមត្ថភាព និងបច្ចេកទេសត្រៀមការប្រកួតកីឡាស៊ីហ្គេមលើកទី៣១ នៅវៀតណាមដែលពន្យារពេលពីឆ្នាំ២០២១ ទៅខែមេសា ឆ្នាំ២០២១ ខាងមុខ ក៏ដូចជាការត្រៀមស៊ីហ្គេមឆ្នាំ២០២៣ នៅកម្ពុជាផងដែរ៕
អត្ថបទ៖ លី ឈុនឡា