ប្អូនស្រីដ៏មានឥទ្ធិពលរបស់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន (Kim Jong Un) បានព្រមានអំពីការឆ្លើយតបថ្មីប្រឆាំងនឹងកូរ៉េខាងត្បូង ប្រសិនបើប្រទេសជិតខាងមួយនេះនៅតែបន្តចាក់ឧបករណ៍បំពងសំឡេងលឺៗ និងចែកចាយខិត្តប័ណ្ណ ស្របពេលមានភាពតានតឹងថ្មី។

លោកស្រី គីម យ៉ូជុង (Kim Yo Jong) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីល្ងាចថ្ងៃអាទិត្យ (០៩ មិថុនា) ដែលដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មានរដ្ឋ KCNA ថា «ប្រសិនបើកូរ៉េខាងត្បូង អនុវត្តការបង្ហោះចែកចាយខិត្តប័ណ្ណ និងចាក់ឧបករណ៍បំពងសំឡេងតាមព្រំដែននោះ វានឹងច្បាស់ជាមើលឃើញពីវិធានការប្រឆាំងថ្មីពីកូរ៉េខាងជើង»។

យោធាកូរ៉េខាងត្បូង បាននិយាយថា ខ្លួនបានបន្តការចាក់ឧបករណ៍បំពងសំឡេងតម្រង់ទៅកាន់កូរ៉េខាងជើង កាលពីថ្ងៃអាទិត្យ ដោយបន្ថែមថា ការសម្រេច ដែលជាទម្រង់នៃសង្គ្រាមចិត្តសាស្ត្រនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីកូរ៉េខាងជើង កាលពីថ្ងៃសៅរ៍ បានបង្ហោះបាឡុងសំរាមប្រហែល ៣៣០ គ្រឿង ហើយប្រហែល ៨០ គ្រឿងបានទម្លាក់នៅតាមព្រំដែន។

ទីក្រុងព្យុងយ៉ាង បានចាប់ផ្តើមបញ្ជូនបាឡុងសំរាម និងលាមកសត្វ ឆ្លងកាត់ព្រំដែនក្នុងខែឧសភា ហើយនិយាយថា ទង្វើនេះគឺជាការសងសឹកចំពោះខិត្តប័ណ្ណប្រឆាំងកូរ៉េខាងជើង បង្ហោះដោយសកម្មជនកូរ៉េខាងត្បូង ដែលជាផ្នែកមួយនៃយុទ្ធនាការឃោសនា។ កូរ៉េខាងជើង បានបង្ហាញប្រតិកម្មខឹងសម្បារយ៉ាងខ្លាំងចំពោះយុទ្ធនាការខិតប័ណ្ណ និងការចាក់ឧបករណ៍បំពងសំឡេងលឺៗនោះ ហើយក្នុងករណីខ្លះប្រទេសផ្ដាច់ខ្លួនមួយនេះបានបាញ់ទៅលើឧបករណ៍ទាំងនោះទៀតផង៕