ប្រទេសទួរគី បានថ្កោលទោសប្រតិបត្តិការរបស់អ៊ីស្រាអែល ក្នុងការដោះលែងចំណាប់ថ្នូររបស់ខ្លួននៅតំបន់ហ្កាហ្សាស្ទ្រីបថា ជា«ការវាយប្រហារដ៏ព្រៃផ្សៃ» ហើយបានចោទប្រកាន់អ៊ីស្រាអែលពីបទឧក្រិដ្ឋកម្ម សង្គ្រាម។

ក្រសួងការបរទេសនៅទីក្រុងអង់ការ៉ា បាននិយាយកាលពីថ្ងៃអាទិត្យថា៖« ជាមួយនឹងការវាយប្រហារដ៏ព្រៃផ្សៃចុងក្រោយនេះ អ៊ីស្រាអែល បានបន្ថែមករណីថ្មីមួយ ទៅក្នុងបញ្ជីឧក្រិដ្ឋកម្មសង្គ្រាម ដែលខ្លួនបានប្រព្រឹត្ត នៅក្នុងតំបន់ហ្កាហ្សា» ដោយមិបានលើកឡើងអំពីការជួយសង្គ្រោះចំណាប់ខ្មាំងទាំងនោះទេ។
កាលពីថ្ងៃសៅរ៍ យោធាអ៊ីស្រាអែល បានដោះលែងមនុស្ស ៤នាក់ ដែលត្រូវបានចាប់ពង្រត់ពីអ៊ីស្រាអែលអំឡុងការសម្លាប់រង្គាលថ្ងៃទី ៧ ខែតុលា។ ពួកគេ ត្រូវបានគេរកឃើញនៅតំបន់ហ្កាហ្សាស្ទ្រីបភាគកណ្តាល បន្ទាប់ពីត្រូវបានចាប់ឃុំខ្លួន អស់រយៈពេល ៨ខែ។

មានការវាយប្រហារតាមអាកាសយ៉ាងខ្លាំងក្លា និងការបាញ់កាំភ្លើងធំដែលអមដំណើរបេសកកម្មជួយសង្គ្រោះនោះ។ រូបភាពទូរទស្សន៍ បានបង្ហាញពីអ្នកស្លាប់ និងរបួសយ៉ាងច្រើន និងមន្ទីរពេទ្យមានអ្នកសម្រាកព្យាបាលដ៏ច្រើនលើសលប់។
ការិយាល័យប្រព័ន្ធផ្សព្វផ្សាយរបស់ហាម៉ាស បាននិយាយថា ជនជាតិប៉ាឡេស្ទីន ២១០នាក់ ត្រូវបានសម្លាប់ និងប្រហែល ៤០០នាក់ បានរងរបួសនៅក្នុងទីក្រុង Nuseirat ដែលជាទីតាំងមួយក្នុងចំណោម ទីតាំងដែលប្រតិបត្តិការបានកើតឡើង។ ព័ត៌មានពុំអាចត្រូវបានផ្ទៀងផ្ទាត់ដោយឯករាជ្យដំបូងឡើយ។