ប្រធានាធិបតីអ៊ុយក្រែន លោក វ្ល៉ូឌីមី ហ្ស៊េឡិនស្គី បានថ្លែងថា ប្រទេសរបស់លោក កំពុងធ្វើការលើកិច្ចព្រមព្រៀងមួយផ្សេងទៀត ជាមួយប្រទេសអាល្លឺម៉ង់ ដើម្បីផ្តល់ការគាំទ្រដល់ប្រទេសរបស់លោក បន្ទាប់ពីមានការឈ្លានពានពីរុស្សីពេញទំហឹង ដែលបានធ្វើឡើងកាលពីជាងពីរឆ្នាំមុន។

លោក ហ្ស៊េឡិនស្គី បាននិយាយនៅក្នុងសុន្ទរកថាវីដេអូប្រចាំថ្ងៃរបស់ខ្លួនដែលបានចេញផ្សាយកាលពីល្ងាចថ្ងៃអាទិត្យថា៖«យើងកំពុងរៀបចំកិច្ចព្រមព្រៀងថ្មីសម្រាប់អ៊ុយក្រែន ជាមួយដៃគូអឺរ៉ុប ជាពិសេសជាមួយប្រទេសអាល្លឺម៉ង់ លើវិធានការគាំទ្របន្ថែមទៀត»។
លោកមិនបានផ្តល់ព័ត៌មានលម្អិតអំពីលក្ខណៈនៃកិច្ចព្រមព្រៀងដ៏សំខាន់នោះទេ។
លោកប្រធានាធិបតីអ៊ុយក្រែនរូបនេះ បានបន្ថែមថា ទីក្រុងគីវ ក៏កំពុងរៀបចំយ៉ាងហ្មត់ចត់នូវកិច្ចព្រមព្រៀងសន្តិសុខទ្វេភាគីរវាងប្រទេសរបស់យើង និងសហរដ្ឋអាមេរិកផងដែរ។
លោក ហ្ស៊េឡិនស្គី បានប្រកាសរួចហើយកាលពីចុងខែមេសាថា ទីក្រុងគីវ និងទីក្រុងវ៉ាស៊ីនតោន កំពុងធ្វើការលើកិច្ចព្រមព្រៀងសន្តិសុខទ្វេភាគី ដែលជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងបន្តរបស់ខ្លួន ដើម្បីធានាថាប្រទេសដែលហែកហួរដោយសង្គ្រាមរបស់ខ្លួន ទទួលបានការគាំទ្ររយៈពេលវែង។
សហរដ្ឋអាមេរិក គឺជាសម្ព័ន្ធមិត្តដ៏សំខាន់បំផុតរបស់អ៊ុយក្រែន ខណៈដែលខ្លួនប្រឈមមុខនឹងការឈ្លានពានរបស់កងកម្លាំងរុស្ស៊ី នៅភាគខាងត្បូង និងភាគខាងកើតនៃប្រទេស ក៏ដូចជាការវាយប្រហារតាមអាកាស នាពេលរាត្រីផងដែរ។
អ៊ុយក្រែន ក៏បានបង្កើតកិច្ចព្រមព្រៀងសន្តិសុខទ្វេភាគីជាមួយអង់គ្លេស អាល្លឺម៉ង់ និងបារាំងផងដែរ។
កិច្ចព្រមព្រៀង បានបង្ហាញឲ្យឃើញពីការរំពឹងទុកនៃជំនួយផ្នែកហិរញ្ញវត្ថុ និងយោធាសម្រាប់ឆ្នាំខាងមុខ។
