ភ្នំពេញ ៖ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ មានយុទ្ធសាស្រ្តពង្រីកការផ្គត់ផ្គង់ទឹកស្អាតឱ្យដល់មូលដ្ឋានសហ- គ្រាសធុនតូច និងមធ្យម (SME) តំបន់សេដ្ឋកិច្ចពិសេស និងតំបន់ឧស្សាហកម្ម ដើម្បីប្រែក្លាយសេដ្ឋកិច្ចនៅតាមជនបទ មានការ ផ្លាស់ប្តូរកាន់តែរីកចម្រើន។
ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកឡើងនៅក្នុងពិធីប្រកាស សមាសភាពប្រធានក្រុមប្រឹក្សាភិបាលនៃរដ្ឋាករទឹកចំនួន ៦ នៅថ្ងៃទី ១០ ខែ មិថុនា ឆ្នាំ ២០២៤ នេះថា ទឹកជាតម្រូវចាំបាច់ក្នុងការ ប្រើប្រាស់សម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃផង ហើយក៏ជាចលករក្នុងការគាំទ្រ និងជំរុញដល់ការអភិវឌ្ឍវិស័យសេដ្ឋកិច្ចផ្សេងៗទៀត។ ក្នុងន័យនេះ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានបន្តជំរុញការអភិវឌ្ឍ និងគ្រប់គ្រងវិស័យទឹកស្អាត រួមទាំង ការផលិត និងផ្តល់សេវាចែកចាយទឹកស្អាត បានចូលរួមលើកកម្ពស់សុខមាលភាពប្រជាពលរដ្ឋ ជាពិសេសកាត់បន្ថយកង្វះទឹក ស្អាតប្រើប្រាស់សម្រាប់ប្រជាជនដែលរស់នៅក្នុងតំបន់ទីប្រជុំជន ជាយក្រុង និងជនបទ។
ឯកឧត្តម បន្តលើកឡើងថា សម្រាប់អាណត្តិថ្មី, អាណត្តិទី៧ នេះ ក្រសួងមានយុទ្ធសាស្រ្តពង្រីកការផ្គត់ផ្គង់ទឹកស្អាតឱ្យដល់ មូលដ្ឋាន SME តំបន់សេដ្ឋកិច្ចពិសេស និងតំបន់ឧស្សាហកម្ម ដើម្បីជំរុញការផ្លាស់ប្តូរការអភិវឌ្ឍមូលដ្ឋានប្រែក្លាយជាវិជ្ជមាន ក្នុងនោះ ក្រសួងក៏មានទិសដៅជំរុញឲ្យរដ្ឋាករទឹករបស់រដ្ឋ ដើរតួនាទីជាយុទ្ធសាស្រ្តនៅក្នុងវិស័យទឹកស្អាតនេះ ខណៈនាពេលកន្លងមក យើងបានផ្តល់លទ្ធភាពជាច្រើនទៅឲ្យវិស័យឯកជន ក្នុងការជួយដល់រាជរដ្ឋាភិបាល ក្នុងនោះបើគិតជាមធ្យមបានផ្តល់ក្នុងរង្វង់ ប្រមាណ ៥០ ភាគរយផងដែរ។
ឯកឧត្តម ហែម វណ្ណឌី បន្ថែមថា ជុំវិញវិស័យទឹកស្អាតនេះ, នៅតាមបណ្តាប្រទេសមួយចំនួន ភាគច្រើនមិនទុកឲ្យវិស័យ ឯកជនមានលំហរធំបែបនេះឡើយ ព្រោះបញ្ហានេះ វាពាក់ព័ន្ធនិងនយោបាយ ការពាក់ព័ន្ធនិងជីវភាពរស់នៅរបស់ប្រជាជនជាដើម, ក្នុងនោះប្រសិនមានបញ្ហាកើតឡើង គឺរដ្ឋជាអ្នកទទួលខុសត្រូវ ដោយយើងមិនទុកឲ្យប្រជាជនអត់ទឹកនោះឡើយ ។ ជាក់ស្តែងនាពេល នេះ ក្រសួងក៏បានអញ្ជើញសមាគមទឹកស្អាតមកចូលរួមផងដែរ ដើម្បីផ្សារភ្ជាប់ទំនាក់ទំនង រវាងប្រតិបត្តិករទឹកឯកជន ជាមួយរដ្ឋាករ ទឹកសាធារណៈ ដើក្នុងគោលដៅជំរុញអភិវឌ្ឍវិស័យនេះឲ្យកាន់តែរីកចម្រើន។ ក្នុងពិធីនេះដែរ, ឯកឧត្តមរដ្ឋមន្ត្រី បានផ្តាំផ្ញើដល់ប្រធាន ក្រុមប្រឹក្សាភិបាលថ្មី និងប្រធានក្នុងតំណែង សូមបំពេញតួនាទីរបស់ខ្លួន ដោយស្មារតីទទួលខុសត្រូវខ្ពស់ ឱ្យស័ក្តិសមនឹងជំនឿទុកចិត្ត ដែលជារាជរដ្ឋាភិបាល បានប្រគល់ជូន។
សូមបញ្ជាក់ថា យោងតាមអនុក្រិត្យ ស្តីពីការកែសម្រួលសមាសភាពប្រធានក្រុមប្រឹក្សាភិបាលរដ្ឋាករទឹក នៅថ្ងៃទី ១០ មិថុនា នេះ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានរៀបចំពិធីប្រកាសសមាសភាពប្រធានក្រុមប្រឹក្សាភិបាលចំនួន ៦ រួមមាន៖ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ, រដ្ឋាករទឹកស្ទឹងត្រែង, រដ្ឋាករទឹកបាត់ដំបង, រដ្ឋាករទឹកពោធិ៍សាត់, រដ្ឋាករទឹកកំពត, និងរដ្ឋាករទឹកក្រុងស្ទឹងសែន៕
អត្ថបទ៖ សុន រ៉ាឌី