
ជនប៉ាឡេស្ទីនរងរបួស ដេកលើឥដ្ឋ និងច្រករបៀងមន្ទីរពេទ្យ Al-Aqsa Martyrs ស្ថិតនៅទីក្រុងភាគកណ្តាល Deir al-Balah តំបន់ហ្កាហ្សា ស្របពេលដែលមន្ទីរពេទ្យផ្ទុកមនុស្សច្រើនលើសចំណុះមួយនេះ ពិបាកព្យាបាលអ្នកជំងឺ ។
ក្មេងប្រុស Hazem Farjallah អាយុ ១០ឆ្នាំ បានត្រឹមសម្រាកនៅច្រករបៀងជាមួយម្តាយមីង Um Nasser ដែលអង្គុយនៅក្បែរក្មេងប្រុស ។
អ្នកស្រី Nasser និយាយថា ក្មួយរបស់គាត់ដេកលើឥដ្ឋអស់រយៈពេល ៤ថ្ងៃមកហើយ ។ ក្មួយរបស់គាត់ត្រូវការទៅព្យាបាលក្នុងបន្ទប់សង្រ្គោះបន្ទាន់ ។
អ្នកស្រីបន្តថា គ្មានពួក គ្មានគ្រែនៅទីនេះនោះទេ គ្មានការមើលថែពីគ្រូពេទ្យនោះទេ ហើយសម្បូររុយខ្លាំងណាស់នៅទីនេះ ។ គ្រូពេទ្យមកមើល ពេលណាតែពួកយើងហៅពួកគាត់ប៉ុណ្ណោះ ។
អ្នកស្រី Nasser និយាយទៀតថា ក្មួយប្រុស Farjallah ដែលរងរបួសអំឡុងការវាយប្រហាររបស់អ៊ីស្រាអែលលើសាលារៀន UNកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន ត្រូវផ្ទេរទៅព្យាបាលនៅបរទេស ប៉ុន្តែព្រំដែនត្រូវបានបិទទៅហើយ ៕