ក្រុមហ៊ុនអាកាសចរណ៍សិង្ហបុរី SIA បាននិយាយនៅថ្ងៃអង្គារ (១១ មិថុនា) នេះថា ខ្លួនបានបញ្ជូនការផ្តល់សំណងដល់អ្នកដំណើរនៅលើជើងហោះហើរ SQ321 កាលពីខែមុន ដែលបានជួបប្រទះនឹងភាពចលាចលយ៉ាងធ្ងន់ធ្ងរ ហើយបានបណ្តាលឱ្យមនុស្សរាប់សិបនាក់រងរបួស និងមនុស្សស្លាប់ម្នាក់។

ក្រុមហ៊ុន SIA និយាយថា «ចំពោះអ្នកដំណើរដែលរងរបួសស្រាលពីឧបទ្ទវហេតុនេះ យើងបានផ្តល់សំណងចំនួន ១០.០០០ ដុល្លារ ហើយសម្រាប់អ្នករងរបួសធ្ងន់ធ្ងរ យើងបានអញ្ជើញពួកគេឱ្យពិភាក្សាអំពីការផ្តល់សំណង»។

ក្រុមហ៊ុននេះបន្ថែមថា ខ្លួនបានផ្តល់ប្រាក់ចំនួន ២៥.០០០ ដុល្លារអាមេរិក ជាការទូទាត់ជាមុនសម្រាប់អ្នកដំណើររងរបួសធ្ងន់ធ្ងរដែលត្រូវការការថែទាំសុខភាពរយៈពេលវែង ដែលកំពុងស្នើសុំជំនួយផ្នែកហិរញ្ញវត្ថុ។ ការទូទាត់នោះនឹងដោះស្រាយតម្រូវការភ្លាមៗរបស់ពួកគេ និងជាផ្នែកមួយនៃសំណងចុងក្រោយដែលពួកគេទទួលបាន។
ក្រៅពីសំណង ក្រុមហ៊ុន SIA បាននិយាយថា ខ្លួននឹងប្រគល់ប្រាក់ថ្លៃសំបុត្រយន្តហោះវិញដល់អ្នកដំណើរទាំងអស់នៅលើជើងហោះហើរដែលបានជួបប្រទះ «ភាពចលាចលខ្លាំងភ្លាមៗ» ដោយសារចរន្តខ្យល់កន្រ្តាក់ទង្គិចខ្លាំង លើអាងទន្លេ អ៊ីរ៉ាវ៉ាឌី (Irrawaddy) នៅមីយ៉ាន់ម៉ា កាលពីថ្ងៃទី២១ ខែឧសភា ខណៈដែលយន្តហោះ ប៊ូអ៊ីង ៧៧៧-៣០០អ៊ីអា (Boeing 777-300ER) កំពុងហោះហើរទៅសិង្ហបុរី ពីទីក្រុងឡុងដ៍្រ។
អ្នកដំណើរក៏ត្រូវបានផ្តល់ប្រាក់ចំនួន ១.០០០ ដុល្លារសិង្ហបុរីផងដែរ នៅពេលចាកចេញពីទីក្រុងបាងកក ជាទីដែលជើងហោះហើរ SQ321 នោះបានធ្វើការចុះចតជាបន្ទាន់។ ការទូទាត់នេះគឺដើម្បីគ្របដណ្តប់ការចំណាយភ្លាមៗរបស់ពួកគេ។ ក្រុមហ៊ុន SIA និយាយថា ខ្លួនបាននឹងកំពុងរ៉ាប់រងលើថ្លៃព្យាបាលរបស់អ្នករបួស ហើយរៀបចំឱ្យសមាជិកគ្រួសារធ្វើដំណើរទៅកាន់ទីក្រុងបាងកក តាមការស្នើសុំ៕
