មូលនិធិកុមាររបស់អង្គការសហប្រជាជាតិ ឬហៅថា អង្គការ យូនីសេហ្វ (Unicef) បាននិយាយកាលពីថ្ងៃចន្ទ (១០ មិថុនា) ថា កុមារជិត ៤០០ លាននាក់ដែលមានអាយុក្រោម ៥ ឆ្នាំ ពោលគឺប្រហែល ៦០ ភាគរយនៅក្នុងក្រុមអាយុនោះនៅទូទាំងពិភពលោក ជួបប្រទះនឹងការអប់រំដោយដាក់វិន័យខាងផ្លូវកាយ ឬផ្លូវចិត្តយ៉ាងហិង្សានៅផ្ទះ រាប់ចាប់ពីការវាយធ្វើបាប រហូតដល់ការប្រមាថជាដើម។

ការប៉ាន់ប្រមាណថ្មីរបស់អង្គការ យូនីសេហ្វ នេះឆ្លុះបញ្ចាំងទិន្នន័យពីប្រទេសចំនួន ១០០ ដែលប្រមូលបានពីឆ្នាំ២០១០ ដល់ឆ្នាំ២០២៣ ហើយគ្របដណ្តប់ទាំង «ការដាក់ទណ្ឌកម្មផ្លូវកាយ» និង «ការធ្វើបាបផ្លូវចិត្ត»។
សម្រាប់អង្គការ យូនីសេហ្វ ការរំលោភបំពានផ្លូវចិត្តអាចរួមបញ្ចូលការស្រែកដាក់កុមារ ឬហៅពួកគេថា «ល្ងង់» ឬ «ខ្ជិល» ខណៈដែលការរំលោភបំពានលើរាងកាយរួមមានការចាប់អង្រួន វាយដំ ឬទះលើកុមារ ឬសកម្មភាពណាមួយដែលមានបំណងបង្កការឈឺចាប់ ឬមិនស្រួលរាងកាយ ដោយគ្មានរបួស។
ទីភ្នាក់ងារអង្គការសហប្រជាជាតិមួយនេះបាននិយាយថា ក្នុងចំណោមកុមារជិត ៤០០ លាននាក់នោះ ប្រហែល ៣៣០ លាននាក់នៃពួកគេទទួលរងការដាក់ទណ្ឌកម្មលើរាងកាយ។ ហើយទោះបីជាប្រទេសកាន់តែច្រើនឡើងៗកំពុងហាមឃាត់ការដាក់ទណ្ឌកម្មលើកុមារក៏ដោយ ក៏កុមារជិត ៥០០ លាននាក់ដែលមានអាយុក្រោម ៥ ឆ្នាំ មិនត្រូវបានការពារដោយស្របច្បាប់ប្រឆាំងនឹងការអនុវត្តបែបនេះទេ។
យោងតាមអង្គការ យូនីសេហ្វ បានឱ្យដឹងថា ម្តាយ ឬមនុស្សពេញវ័យដែលមានទំនួលខុសត្រូវ ច្រើនជាងម្នាក់ក្នុងចំណោម ៤ នាក់ ជឿថាការដាក់ទណ្ឌកម្មលើរាងកាយគឺចាំបាច់ដើម្បីអប់រំកូនរបស់ពួកគេឱ្យបានត្រឹមត្រូវ៕
