
ប្រទេសរុស្ស៊ីកាលពីថ្ងៃចន្ទ បានអះអាងពីការដណ្តើមបានកាន់កាប់ភូមិមួយផ្សេងទៀត នៅក្នុងតំបន់ ដូណិតស្ក៍ (Donetsk) ភាគខាងកើតនៃប្រទេសអ៊ុយក្រែន ដែលជាការដណ្តើនបានចុងក្រោយបំផុត នៅមុនពេលកិច្ចប្រជុំកំពូលអ៊ុយក្រែនដ៏សំខាន់ នៅប្រទេសស្វ៊ីស។
មេដឹកនាំពិភពលោក និងប្រមុខការទូតរាប់សិបនាក់ នឹងកោះប្រជុំមួយនៅចុងសប្តាហ៍នេះ ដែលលោកប្រធានាធិបតី វ្ល៉ូឌីមី ហ្ស៊េឡិនស្គី ( Volodymyr Zelensky) សង្ឃឹមថា នឹងប្រមូលផ្តុំការគាំទ្រជាសកលនៅពីក្រោយទីក្រុងគីវ ខណៈដែលខ្លួន បានតស៊ូរយៈពេលជាងពីរឆ្នាំ ក្នុងការឈ្លានពានរបស់រុស្ស៊ី។
លោក ហ្ស៊េឡិនស្គី បានច្រានចោលការចរចាដោយផ្ទាល់ជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ហើយមានបំណងចង់ឈ្នះលើប្រទេសមិនមែនលោកខាងលិចបន្ថែមទៀត រួមទាំងអ្នកដែលរក្សាទំនាក់ទំនងជិតស្និទ្ធជាមួយទីក្រុងមូស្គូផងដែរ។
បន្ទាប់ពីជាប់គាំងអស់រយៈពេលជិតមួយឆ្នាំ អ៊ុយក្រែនត្រូវបានបង្ខំឲ្យបោះបង់ចោលការតាំងទីលំនៅជួរមុខរាប់សិបកន្លែង នៅនិទាឃរដូវនេះ ដោយកងទ័ពរុស្ស៊ីទទួលបានអត្ថប្រយោជន៍យ៉ាងសំខាន់លើកងកម្លាំង និងធនធាន។
ក្រសួងការពារជាតិរុស្ស៊ី បាននិយាយកាលពីថ្ងៃចន្ទថា កងកម្លាំងរបស់ខ្លួន «បានបន្តចូលទៅក្នុងយ៉ាងជម្រៅនៃផ្នែកការការពាររបស់សត្រូវ និងរំដោះការតាំងទីលំនៅ Staromaiorske» ដែលស្ថិតនៅភាគនិរតីនៃទីក្រុងដូណិតស្ក៍ ដែលគ្រប់គ្រងដោយរុស្ស៊ី។