
ក្រសួងហិរញ្ញវត្ថុរបស់ប្រទេសអ៊ុយក្រែន និងអាល្លឺម៉ង់ នៅថ្ងៃអង្គារ (ទី១១ ខែមិថុនា) បានចុះហត្ថលេខាសេចក្តីប្រកាសរួមននៃគោលបំណង ក្នុងការជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី ដើម្បីគាំទ្រដល់ការស្ថាបនាឡើងវិញរបស់អ៊ុយក្រែន បន្ទាប់ពីចប់សង្គ្រាមជាមួយរុស្ស៊ី។
រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាល្លឺម៉ង់ លោក Christian Lindner បាននិយាយថា៖ «យើងមិនកម្រិតខ្លួនយើងចំពោះទម្រង់នៃការគាំទ្រដែលអ៊ុយក្រែនត្រូវការ ដើម្បីឈ្នះសង្រ្គាមនោះទេ។ យើងចង់រួមចំណែក នាពេលឥឡូវនេះ ដើម្បីឲ្យអ៊ុយក្រែនអាចកំណត់ផ្លូវ សម្រាប់កំណើននាពេលអនាគត តាមរយៈការស្ដារឡើងវិញរបស់ខ្លួន»។
លោក Lindner បានបន្ថែមថា នេះមិនមែនគ្រាន់តែពាក់ព័ន្ធនឹងធនធានហិរញ្ញវត្ថុប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងពាក់ព័ន្ធការកសាងសមត្ថភាពស្ថាប័ន ដើម្បីគាំទ្រដល់ក្រុមហ៊ុនឯកជន ក្នុងប្រទេសអ៊ុយក្រែន និងជំរុញការវិនិយោគផងដែរ។
ក្រសួងហិរញ្ញវត្ថុរបស់បអាល្លឺម៉ង់ បានប្រគល់ភារកិច្ចឲ្យធនាគារអភិវឌ្ឍន៍ KfW ក្នុងការវាយតម្លៃលទ្ធភាពនៃគម្រោងដែលពាក់ព័ន្ធនឹងការប្រឹក្សាផ្នែកហិរញ្ញវត្ថុ ដើម្បីគាំទ្រដល់ក្រសួងហិរញ្ញវត្ថុរបស់អ៊ុយក្រែន។ គម្រោងនេះក៏អាចគាំទ្រមូលនិធិអភិវឌ្ឍន៍អាជីវកម្មផងដែរ ដើម្បីធ្វើឲ្យវាក្លាយជាស្ថាប័នហិរញ្ញវត្ថុរដ្ឋឯករាជ្យ ដែលផ្តោតលើសហគ្រាសធុនតូច និងមធ្យម (SME) របស់អ៊ុយក្រែន៕