នៅមុនកិច្ចប្រជុំកំពូលលើកដំបូងស្តីពីសន្តិភាពនៅអ៊ុយក្រែន ទីក្រុងគីវ បាននិយាយកាលពីថ្ងៃអង្គារ ថា ខ្លួនចង់ឱ្យរុស្ស៊ីចូលរួមក្នុងកិច្ចប្រជុំកំពូលលើកទីពីរ ដើម្បីទទួលបានផែនទីបង្ហាញផ្លូវដែលបានព្រមព្រៀងជាអន្តរជាតិ ឈានទៅរកការបញ្ចប់ជម្លោះ។

ទីក្រុងមូស្គូ និយាយថា ខ្លួនគ្មានចំណាប់អារម្មណ៍ក្នុងការចូលរួមកិច្ចប្រជុំនៅចុងសប្តាហ៍នេះទេ។ ដូច្នេះ ពុំត្រូវបានអញ្ជើញដោយប្រទេសស្វីស ជាម្ចាស់ផ្ទះនៃកិច្ចប្រជុំនោះទេ ខណៈអ៊ុយក្រែន ចង់ទទួលបានលទ្ធផលជាក់ស្តែងមួយចំនួន ពីកិច្ចប្រជុំដើម្បីឈានទៅដល់កិច្ចប្រជុំកំពូលលើកទីពីរ។
លោក អាន់ឌ្រី យឺម៉ាក(Andriy Yermak) ប្រធានការិយាល័យរបស់ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បាននិយាយថា មាន «បទពិសោធន៍មិនល្អ» នៃទម្រង់ការចរចា កាលពីពេលមុនដែលពាក់ព័ន្ធជាមួយទីក្រុងមូស្គូ មុនពេលការវាយលុកពេញលេញរបស់រុស្ស៊ីលើអ៊ុយក្រែន ក្នុងខែកុម្ភៈ ឆ្នាំ ២០២២។

លោក Yermak បាននិយាយទៅកាន់អង្គភាពប្រព័ន្ធផ្សព្វផ្សាយអឺរ៉ុប តាមរយៈបណ្តាញវីដេអូ ពីទីក្រុងប៊ែរឡាំង ថា សម្រាប់កិច្ចប្រជុំកំពូលលើកទីពីរ យើងនឹងធ្វើការជាមួយក្រុមការងារទាំងអស់ ជាមួយនឹងប្រទេសទាំងអស់ ដែលចាប់អារម្មណ៍ចូលរួម។ យើងមានផែនការរៀបចំរួមគ្នា ដែលនឹងត្រូវបានគាំទ្រដោយប្រទេសមានទំនួលខុសត្រូវទាំងអស់ ហើយយើងកំពុងស្វែងរកលទ្ធភាពសម្រាប់កិច្ចប្រជុំកំពូលលើកទី២ ដើម្បីអញ្ជើញអ្នកតំណាងរបស់ប្រទេសរុស្ស៊ី ។
លោកនិយាយថា ទស្សនវិស័យដែលគាំទ្រដោយ ប្រទេសជាង១០០ មានមកពីគ្រប់ទ្វីប នឹងក្លាយជាផែនការពិតប្រាកដ។
ប្រទេសជាង១៦០ និងអង្គការអន្តរជាតិ ត្រូវបានអញ្ជើញដោយប្រទេសស្វីស ទៅកាន់កិច្ចប្រជុំកំពូលរយៈពេលពីរថ្ងៃ នៅរមណីយដ្ឋាន ប៊ឺហ្គេនស្តុក(Burgenstock) ដោយទទួលបានការបញ្ជាក់ចូលរួមពីប្រទេសជាង៩០ រហូតមកដល់ពេលនេះ។