រាជរដ្ឋាភិបាលកម្ពុជា មានការគិតគូជាខ្លាំង ចំពោះកុមារ យុវជន ជាអ្នកបន្តវេន។ បច្ចុប្បន្ន សម្រាប់វិស័យអប់រំ រាជរដ្ឋាភិបាល កំពុងបន្តអនុវត្តកម្មវិធីផ្ដល់អាហារូបត្ថម្ភជូនសិស្សក្រីក្រនៅតាមជនបទ ជាប្រចាំថ្ងៃ ហើយក៏មានការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនសិស្សក្រីក្រជាប្រចាំខែផងដែរ។
រាជរដ្ឋាភិបាលអាណត្តិទី៧នេះ ដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី នៃកម្ពុជា បានគិតគូជាខ្លាំង ក្នុងការបណ្ដុះធនធានមនុស្ស ដើម្បីក្លាយជាអ្នកបន្តវេនក្នុងពេលអនាគត។ ការបណ្ដុះធនធានមនុស្សនេះ គឺផ្ដល់ឱកាសជូនកុមារ យុវជន គ្រប់រូបមានសិទ្ធិស្មើគ្នា បូករួមទាំងការឧបត្ថម្ភ គាំទ្របន្ថែមចំពោះ កុមារ យុវជន មកពីគ្រួសារក្រីក្ររស់នៅជនបទថែមទៀត។
លោកជំទាវ ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងប្រាប់ BTV នៅព្រឹកថ្ងៃទី១២ ខែមិថុនានេះថា វិស័យអប់រំបច្ចុប្បន្ននេះ ក្រសួងអប់រំ យុវជន និងកីឡា និងអង្គការដៃគូ ក៏កំពុងបន្តអនុវត្តកម្មវិធីសំខាន់ជាច្រើន ក្នុងនោះក៏មានកម្មវិធីផ្ដល់អាហារូបត្ថម្ភដល់សិស្សក្រីក្រ ពិសេសនៅទីជនបទ និងកម្មវិធីផ្ដល់អាហារូបករណ៍ជូនសិស្ស ដែលគាំទ្រដល់ការសិក្សា និងបញ្ចៀសការបោះបង់ការសិក្សារបស់សិស្ស។
អ្នកនាំពាក្យបញ្ជាក់ថា សម្រាប់ការផ្ដល់អាហារូបត្ថម្ភជូនកុមារតាមសាលារៀននេះ បច្ចុប្បន្នកំពុងអនុវត្តនៅសាលារៀនចំនួន១ ១១៣សាលានៅតាមបណ្ដាខេត្ត។ កម្មវិធីនេះបប្រើផលប្រយោជន៍ដល់សិស្សប្រមាណជិត២៧ម៉ឺននាក់។
ចំពោះកម្មវិធីផ្ដល់អាហារូបករណ៍វិញ គឺជាការផ្ដល់សាច់ប្រាក់ជាប្រចាំខែ សម្រាប់កុមាររស់នៅក្នុងគ្រួសារ មានបណ្ណសមធម៌។ កម្មវិធីគ្របដណ្ដប់លើសិស្សសិក្សាចាប់ពីថ្នាក់ទី ១ ដល់ថ្នាក់ទី ១២ ដោយជារៀងរាល់ឆ្នាំ រាជរដ្ឋាភិបាលបានជួយដល់សិស្សមកពីគ្រួសារក្រីក្រប្រមាណ ១៥ម៉ឺននាក់។
សូមជម្រាបថា កម្មវិធីផ្ដល់អាហារូបករណ៍នេះ គឺសិស្សមកពីគ្រួសារក្រីក្រទទួលបានថវិកាជាប្រចាំខែ។ សម្រាប់សិស្សសិក្សានៅកម្រិតបឋមសិក្សា រហូតដល់ថ្នាក់អនុវិទ្យាល័យ ចាប់ពីថ្នាក់ទី ១ ដល់ថ្នាក់ទី៩ ទទួលបានថវិកា ២ម៉ឺនរៀលក្នុងមួយខែ។ សម្រាប់សិស្សសិក្សាថ្នាក់វិទ្យាល័យ ចាប់ពីថ្នាក់ទី ១០ ដល់ថ្នាក់ទី ១២ ទទួលបាន ៣ម៉ឺនរៀលក្នុងមួយខ៕ អត្ថបទ៖ គឹមហុក






