សីតុណ្ហភាពកំពុងឡើងដល់កម្រិតខ្ពស់បំផុតនៅតំបន់ភាគខាងជើង និងភាគកណ្តាលនៃប្រទេសចិនក្នុងសប្តាហ៍នេះ ខណៈគ្រោះរាំងស្ងួតធ្ងន់ធ្ងរនៅភាគខាងកើតក៏កំពុងគំរាមកំហែងដល់ដំណាំ ស្របពេលដែលបណ្តាប្រទេសនៅទូទាំងអាស៊ី បានត្រៀមខ្លួនសម្រាប់រដូវក្តៅដ៏ខ្លាំងក្លាមួយផ្សេងទៀតនៃបញ្ហាអាកាសធាតុធ្ងន់ធ្ងរ។

អ្នកព្យាករអាកាសធាតុរដ្ឋបាននិយាយថា ប្រទេសចិនកំពុងប្រឈមមុខនឹងកម្ដៅដ៏ក្តៅគគុកជាច្រើនថ្ងៃ ជាមួយនឹងសីតុណ្ហភាពអាចកើនឡើងដល់ ៤២ អង្សាសេ នៅក្នុងខេត្តហឺប៉ី (Hebei) ភាគខាងជើងនៅថ្ងៃពុធ (១២ មិថុនា) នេះ។ មជ្ឈមណ្ឌលជាតិឧតុនិយម (NMC) ក៏បានព្រមានកាលពីល្ងាចថ្ងៃអង្គារផងដែរ អំពីផលប៉ះពាល់នៃសីតុណ្ហភាពកើនឡើងទៅលើការផ្គត់ផ្គង់ថាមពល ផលិតកម្មដំណាំ និងសុខភាពរបស់ប្រជាជន។

យោងតាមទិន្នន័យផ្លូវការបានឱ្យដឹងថា ប្រទេសចិនបានជួបប្រទះអាកាសធាតុក្តៅខុសពីធម្មតាអស់រយៈពេលជាច្រើនឆ្នាំ ជាមួយនឹងសីតុណ្ហភាពជាមធ្យមចាប់ពីខែមីនា ដល់ខែឧសភា ស្ថិតក្នុងកម្រិតខ្ពស់បំផុតចាប់តាំងពីកំណត់ត្រាបានចាប់ផ្តើមនៅឆ្នាំ១៩៦១។ ភាគខាងជើងប្រទេសឥណ្ឌា ក៏ស្ថិតនៅចំកណ្តាលនៃរលកកម្ដៅដ៏អូសបន្លាយផងដែរ ជាមួយនឹងសីតុណ្ហភាពលើសពី ៥០ អង្សាសេនៅចុងខែឧសភា។
កម្ដៅកម្រិតបំបែកកំណត់ត្រាបានឆាបឆេះផ្នែកធំៗនៃអាស៊ីក្នុងខែមេសា ដោយបានសម្លាប់មនុស្សរាប់រយនាក់ បំផ្លាញដំណាំ និងបង្ខំឱ្យសាលារៀនបិទទ្វារ។ ក្រុមអ្នកវិទ្យាសាស្ត្របាននិយាយថា រលកកម្ដៅកាន់តែអាក្រក់ទៅៗ ហើយទំនងជាដោយសារបម្រែបម្រួលអាកាសធាតុដែលបង្កឡើងដោយមនុស្ស៕