ក្រុមកីឡាបាល់ទាត់ម៉ុងហ្គោលី វាយបកយកឈ្នះកម្ពុជា ២-១ ក្នុងការប្រកួតមិត្តភាពអន្តរជាតិ ជើងទី២ នៅរដ្ឋធានីអ៊ូឡង់បាទ័រ ថ្ងៃអង្គារម្សិលមិញនេះ។
ជំនួបជើងទីពីរដែលមានការផ្សាយផ្ទាល់ពី BTV ផងដែរនោះ ជាថ្មីម្តងទៀត សារ ទី ជាអ្នករកគ្រាប់បាល់នាំមុខឱ្យកម្ពុជា មុនពេល Nyam-Osor និង Gantuyaa សម្រេចគ្រាប់បាល់តាមស្មើ និងជ័យជម្នះ ជាបន្តបន្ទាប់។
កាលពីជើងទី១ នៅថ្ងៃទី៧ ខែមិថុនា នៅពហុកីឡដ្ឋានជាតិអូឡាំពិក ក្រុមគោព្រៃកម្ពុជា បានយកឈ្នះ ម៉ុងហ្គោលី ២-០ ដែលធ្វើបានដោយ Yudai Ogawa និង សារ ទី។
ការប្រកួតមិត្តភាពអន្តរជាតិទាំងពីរប្រកួតនេះធ្វើឡើងដើម្បីកម្តៅសាច់ដុំ ខណៈក្រុមទាំងពីរត្រៀមប្រកួតជម្រុះ AFC Asian Cup ឆ្នាំ ២០២៧។
តាមរយៈលទ្ធផលប្រកួតនេះ មានន័យថាកម្ពុជា ឈ្នះ១ ចាញ់១ និងស្មើ១ ជាមួយម៉ុងហ្គោលីក្នុងចំណោមប្រវត្តិជួបគ្នា ៣ លើក។
ជំនួបដំបូងរវាងក្រុមទាំងពីរធ្វើឡើងនៅពហុកីឡដ្ឋានជាតិអូឡាំពិក ឆ្នាំ ២០១៩ បញ្ចប់ទៅដោយលទ្ធផល ១-១៕ អត្ថបទ៖នាង សុភាវុធ


