ដោយអនុវត្តតាមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានដឹកនាំកិច្ចប្រជុំសម្របសម្រួលរវាងឯកឧត្តម ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ និងកីឡាករ Dave Leduc ដើម្បីបញ្ចប់នូវវិវាទពាក្យសម្ដី និងការយល់ច្រឡំកន្លងមក ក្រោមស្មារតីរួមគ្នាដើម្បីជំរុញការអភិវឌ្ឍ និងផ្សព្វផ្សាយគុនខ្មែរ ។
កិច្ចប្រជុំចង្អៀតនេះ ក៏មានការអញ្ជើញចូលរួមពីឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងជារដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងលោកឧកញ៉ា ស្រី ចាន់ថន អនុប្រធានកិត្តិយសសហព័ន្ធកីឡាប្រដាល់គុនខ្មែរផងដែរ ។
ជាលទ្ធផលផលនៃជំនួបក្រោមការសម្របសម្រួលផ្ទាល់របស់ឯកឧត្តមទេសរដ្ឋមន្ដ្រី ថោង ខុន ភាគីទាំងពីរ បានយល់គ្នា ដោយកីឡាករ Dave Leduc មានឆន្ទៈបន្តជួយផ្សព្វផ្សាយគុនខ្មែរលើឆាកជាតិ-អន្តរជាតិ ហើយ ឯកឧត្តម ខូវ ឆាយ ក៏សម្តែងការអបអរសាទរ ស្វាគមន៍ និងត្រៀមកិច្ចសហការជានិច្ចខាងផ្នែកបច្ចេកទេសជាមួយលោក Dave Leduc ឲ្យបានស៊ីជម្រៅតាមគោលការណ៍ និងលក្ខន្តិកៈរបស់សហព័ន្ធ ក្រោមស្មារតីរួមគ្នាដើម្បីផ្សព្វផ្សាយគុនខ្មែរឲ្យកាន់តែល្បីល្បាញបន្ថែមទៀតលើឆាកអន្តរជាតិ ។
លោក ខូវ ឆាយ បានបញ្ជាក់ថា ក្រោមឆន្ទៈរួមដើម្បីលើកមុខមាត់គុនខ្មែរ បន្ទាប់ពីជំនួបសម្របសម្រួលបន្ទាន់នេះ លោកក៏ចែករំលែកខ្លះៗ នូវអ្វីដែលគួរធ្វើ និងអ្វីមិនគួរដើម្បី ប្រសិនបើ Dave Leduc ពិតជាស្រលាញ់ និងចង់លើកស្ទួយគុនខ្មែរ ក្រោមកិច្ចសហការជាមួយសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ។ តាមរយៈនេះ ភាគីទាំងពីរ បានយល់គ្នាច្រើន ពិសេស Dave Leduc ក៏បានទទួលស្គាល់នូវកំហុសឆ្គងកន្លងមក ហើយក៏រីករាយក្នុងការសហការជាមួយសហព័ន្ធផងដែរ ។
ទន្ទឹមជាមួយគ្នា Dave Leduc ក៏បានថ្លែងប្រាប់អ្នកសារព័ត៌មានដែរថា កិច្ចប្រជុំបានប្រព្រឹត្តទៅយ៉ាងល្អ ហើយលោកសប្បាយចិត្តក្នុងការរកឃើញវិធីសាស្រ្តលើកកម្ពស់គុនខ្មែរ ក្រោយបញ្ចប់រឿងរ៉ាវដែលយល់ច្រឡំគ្នាកន្លងមក។ បន្ទាប់ពីជំនួបនេះ Dave Leduc ចាត់ទុកឯកឧត្តម ខូវ ឆាយ គឺជាមនុស្សល្អ និងឆ្លាតវៃ តាមរយៈការបង្ហាញនូវផែនការច្បាស់លាស់ក្នុងការលើកកម្ពស់គុនខ្មែរលើឆាកអន្ដរជាតិ ហើយលោកក៏គាំទ្រនូវគំនិតរបស់ប្រធានសហព័ន្ធ ក៏ដូចជាមានគោលដៅចូលរួមរុញគុនខ្មែរឲ្យកាន់តែល្បីល្បាញលើពិភពលោកផងដែរ ។
គួរដឹងថា ប៉ុន្មានថ្ងៃចុងក្រោយនេះ បន្ទាប់ពីឯកឧត្តម ខូវ ឆាយ បានប្រកាសមិនស្វាគមន៍កីឡាករ Dave Leduc ឡើងសង្វៀននៅកម្ពុជា បានធ្វើឲ្យផ្ទុះការចាប់អារម្មណ៍ និងការជជែកវែកញែកគ្នាជាច្រើន ក្នុងនោះកីឡាករ Lethwei របស់មីយ៉ាន់ម៉ា Dave Leduc ក៏បានព្យាយាមបកស្រាយជាបន្ដបន្ទាប់ ។ យ៉ាងណាបញ្ហានេះ ត្រូវបានដោះស្រាយ និងបញ្ចប់ក្រោមការដឹកនាំសម្របសម្រួលរបស់ឯកឧត្តមបណ្ឌិត ថោង ខុន ស្របតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចធិបតីនាយករដ្ឋមន្ដ្រី៕ អត្ថបទ លី ឈុនឡា