
តុលាការធម្មនុញ្ញរបស់ប្រទេសថៃ នៅថ្ងៃពុធ (ទី១២ ខែមិថុនា) នេះ បានប្រាប់ឲ្យដឹងថា ខ្លួននឹងបើកសវនាការលើសំណុំរឿងមួយ នៅថ្ងៃទី១៨ ខែមិថុនា ពោលគឺជាការសម្រេចដែលអាចឈានទៅដល់ការបញ្ចប់តំណែងនាយករដ្ឋមន្ត្រីរបស់លោក Srettha Thavisin (សេដ្ឋា ថាវីស៊ីន) ពាក់ព័ន្ធនឹងករណីតែងតាំងគណៈរដ្ឋមន្ត្រី ដែលត្រូវបានចោទប្រកាន់ថា បានបំពានរដ្ឋធម្មនុញ្ញ។
គួរបញ្ជាក់ថា សំណុំរឿងប្រឆាំងនឹងលោក សេដ្ឋា ត្រូវបានចាប់ផ្តើមឡើង បន្ទាប់ពីមានបណ្តឹងរបស់សមាជិកព្រឹទ្ធសភាជ្រើសរើសដោយយោធាចំនួន ៤០រូប កាលពីខែឧសភា ដែលតុលាការធម្មនុញ្ញបានទទួលយកជាបន្តបន្ទាប់។
ជាមួយគ្នានេះដែរ នៅថ្ងៃពុធនេះ តុលាការធម្មនុញ្ញ ក៏បានកំណត់យកថ្ងៃទី១៨ ខែមិថុនានេះ ដើម្បីបើកសវនាការលើសំណុំរឿង ដែលស្វែងរកការរំលាយគណបក្សប្រឆាំង គឺគណបក្សបោះជំហានទៅមុខ (Move Forward Party)។
សូមបញ្ជាក់បន្ថែមថា សវនាការនេះ គឺជាផ្នែកនៃសំណុំរឿងតុលាការដ៏រសើបចំនួន ៣ករណី ដែលបានបង្កើនភាពមិនច្បាស់លាស់ផ្នែកនយោបាយ នៅក្នុងប្រទេសសេដ្ឋកិច្ចធំបំផុតជាងគេទី២ របស់អាស៊ីអាគ្នេយ៍៕