ថៃ៖ នគរបាលថៃបានប៉ះទង្គិចជាមួយក្រុមបាតុករកាលពីថ្ងៃសុក្រ បន្ទាប់ពីមនុស្សរាប់រយនាក់បានបំពានបម្រាមក្នុងការប្រមូលផ្តុំគ្នានៅកណ្ដាលទីក្រុងបាងកក ជាកន្លែងដែលពួកគេព្យាយាមដើរក្បួនទៅកាន់លំនៅឋានរបស់លោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចា ដើម្បីទាមទារឱ្យលោកលាលែងពីតំណែងដោយសារតែវិបត្តិវីរុស COVID-19 របស់ប្រទេស។
នគរបាលបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែក និងគ្រាប់កាំភ្លើងជ័រជាការឆ្លើយតបទៅនឹងក្រុមបាតុករ ដែលបានព្យាយាមដកទូកុងតឺន័រដែលត្រូវបានគេប្រើជារនាំងបិទផ្លូវ ក្នុងការប្រឈមមុខដាក់គ្នានៅថ្ងៃទី៣ នៅសប្តាហ៍នេះ។ សកម្មជនមកពីក្រុម Thalufah ដែលដឹកនាំដោយយុវជន បានប្តេជ្ញាថានឹងធ្វើការតវ៉ាដោយសន្តិវិធី បន្ទាប់ពីការធ្វើបាតុកម្មជាច្រើននៅសប្តាហ៍នេះ ដែលបានបញ្ចប់ទៅដោយនគរបាលប្រើប្រាស់ឧស្ម័នបង្ហូរទឹកភ្នែក និងគ្រាប់កាំភ្លើងជ័រដើម្បីបំបែកពួកគេ ខណៈដែលពួកគេបានដាក់សម្ពាធលើលោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចា ឲ្យលាលែងពីតំណែង។ ក្រុមអ្នកតវ៉ាបានស្រែកថា "ប្រាយុទ្ធសូមចេញទៅ" ខណៈពួកគេចាប់ផ្ដើមដើរក្បួនពីវិមានជ័យជំនះក្រុងបាងកកនៅពេលរសៀល។
ពួកគេដាក់កំហុសលើ លោក ប្រាយុទ្ធ ចំពោះការគ្រប់គ្រងមិនត្រឹមត្រូវពីវិបត្តិវីរុស COVID-19 ដែលកាលពីថ្ងៃសុក្របានឃើញករណីថ្មីកើនឡើងដល់កំណត់ត្រា។ ពួកគេនិយាយថា រដ្ឋាភិបាលមិនបានគ្រប់គ្រងលើជំងឺ COVID-19 ដោយបានបណ្ដាលឱ្យមានមនុស្សស្លាប់ច្រើន។ អាជ្ញាធរបានព្រមានរាល់រូបភាព នៃការតវ៉ាណាមួយដែលបំពានលើវិធានការ COVID-19។ ក្រុមអាជ្ញាធរសុខាភិបាលថៃបានកត់ត្រាអ្នកស្លាប់ប្រចាំថ្ងៃដោយសារវីរុស Covid-19 ចំនួន ២១៧នាក់ និងឣ្នកឆ្លងថ្មីចំនួន ២២.០៨៦នាក់នៅព្រឹកថ្ងៃសៅរ៍នេះ ដែលនាំឲ្យអ្នកស្លាប់សរុបនៅប្រទេសនេះកើនឡើងដល់ ៧.៣៤៣នាក់ និងអ្នកឆ្លងសរុបចំនួន ៨៨៥.២៧៥នាក់៕
អត្ថបទ៖ ប៊ុនថន