
នៅថ្ងៃពុធនេះ គណកម្មការអឺរ៉ុប បានជូនដំណឹងទៅកាន់ក្រុមហ៊ុនផលិតរថយន្តថា ពួកគេនឹងដំឡើងពន្ធរហូតដល់ ៣៨,១ភាគរយលើរថយន្តអគ្គិសនីនាំចូលរបស់ចិន ចាប់ពីខែក្រោយតទៅ ដែលចំណាត់ការបែបនេះ នឹងធ្វើឲ្យកើតមានលទ្ធភាពនៃកាសងសឹកពីចិន ។
លោក Margaritis Schinas គឺជាអនុប្រធានគណកម្មការអឺរ៉ុប និយាយប្រាប់សន្និសីទសារព័ត៌មានថា រថយន្តអគ្គិសនីផលិតនៅចិន ចំណេញច្រើនពីកម្រិតមិនយុត្តិធម៌នៃឧបត្ថម្ភធម ដែលវាគំរាមកំហែងដល់ក្រុមហ៊ុនផលិតរថយន្តរបស់សហភាពអឺរ៉ុប ។
លោក Schinas បញ្ជាក់ថា ផ្អែកលើកត្តានេះ គណកម្មការរបស់ពួកយើង បានទាក់ទងទៅកាន់ក្រុមអាជ្ញាធរចិន ដើម្បីពិភាក្សាលើការស្វែងរកដំណោះស្រាយ ហើយនិងរកឃើញវិធីដោះស្រាយបញ្ហាដែលបានកំណត់ ។
ដោយឡែក ក្រសួងពាណិជ្ជកម្មចិន បាននិយាយថា ពួកគេនឹងតាមដានយ៉ាងដិតដល់ដំណើរវិវត្តន៍មួយនេះ ហើយពួកគេនឹងចាត់រាល់វិធានការចាំបាច់ទាំងអស់ ដើម្បីការពារសិទ្ធិស្របច្បាប់របស់ក្រុមហ៊ុនចិន ។
ការដំឡើងពន្ធផ្តល់ជូនរបស់សហភាពអឺរ៉ុប ត្រូវបានកំណត់ឲ្យអនុវត្តន៍នៅថ្ងៃទី ៤ ខែកក្កដាខាងមុខ ក្នុងនោះការស៊ើបអង្កេតប្រឆាំងឧបត្ថម្ភធន នឹងបន្តរហូតដល់ថ្ងៃទី ២ ខែវិច្ឆិកា ពេលដែលការដំឡើងពន្ធពិតប្រាកដដែលតាមធម្មតាមានរយៈពេល ៥ឆ្នាំនោះ អាចអនុវត្តន៍បាន ៕