
អណ្តាតភ្លើង បានលេបត្របាក់រោងចក្រចម្រាញ់ប្រេងនៅទីក្រុង Erbil ស្ថិតនៅតំបន់ភាគខាងជើងប្រទេសអ៊ីរ៉ាក់ នាថ្ងៃព្រហស្បតិ៍នេះ ក្រោយអគ្គិភ័យដ៏ធំមួយ បានឆាបឆេះឡើងកាលពីយប់មិញ ។
រូបភាពវីដេអូឃ្លីបផ្សាយផ្ទាល់ផ្តល់ជូនដោយបណ្តាញសារព័ត៌មាន Rudaw ឃើញអណ្តាតភ្លើង និងផ្សែងខ្មៅយ៉ាងក្រាស់ឃ្មឹក ។
សារព័ត៌មានក្នុងស្រុក រាយការណ៍ថា មនុស្សជាច្រើននាក់ បានរងរបួសស្រាល បើទោះបីជាពុំមានសេចក្តីរាយការណ៍ពីគ្រោះថ្នាក់ធ្ងន់ធ្ងរក៏ដោយ ។
សារព័ត៌មាន Rudaw រាយការណ៍ថា អគ្គិភ័យ បានឆាបឆេះឡើងកាលពីវេលាម៉ោងប្រហែល ៨ និង ៣០នាទីយប់ ម៉ោងក្នុងស្រុក ថ្ងៃពុធ ហើយការវាយតម្លៃបឋម បង្ហាញថា អគ្គិភ័យនេះ បានចាប់ផ្តើមឆាបឆេះដំបូងនៅឃ្លាំងស្តុកកៅស៊ូថ្នល់រាវ ។
សាក្សីម្នាក់ និយាយប្រាប់សារព័ត៌មាន Rudaw ថា មនុស្សម្នាក់ បានរងរបួស និងមនុស្សជាច្រើននាក់ទៀត មានបញ្ហាផ្លូវដង្ហើម ប៉ុន្តែ Rudaw ពុំអាចបញ្ជាក់ផ្ទៀងផ្ទាត់ដោយឯករាជ្យចំពោះព័ត៌មានមួយនេះបានទេ ។
សូមបញ្ជាក់ថា ឧបទ្ទេវហេតុអគ្គិភ័យ បានក្លាយជារឿងធម្មតាទៅហើយនៅក្នុងប្រទេសអ៊ីរ៉ាក់ ជាពិសេសនៅតំបន់ស្វយ័ត Kurdistan ៕