
មន្ត្រីជាន់ខ្ពស់សេតវិមាន និយាយថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden និងប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិសុខទ្វេភាគី នៅពេលមេដឹកនាំទាំងពីរជួបគ្នានៅខាងក្រៅកិច្ចប្រជុំកំពូលប្រទេសមានសេដ្ឋកិច្ចរីកលូតលាស់ទាំង៧ ឬG7 នៅប្រទេសអ៊ីតាលី។
រហូតមកដល់ពេលនេះ ប្រទេសចំនួន១៥ រួមមានចក្រភពអង់គ្លេស និងប្រទេសបារាំង បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងទ្វេភាគី ជាមួយប្រទេសអ៊ុយក្រែន ដើម្បីធានាបានសន្តិសុខរយៈពេលយូររបស់ប្រទេសនេះ។
កិច្ចព្រមព្រៀង គឺផ្អែកលើសេចក្តីប្រកាសរួម ដែលបានចេញក្នុងកិច្ចប្រជុំកំពូល G7 កាលពីឆ្នាំមុន នៅក្នុងទីក្រុង Hiroshima ប្រទេសជប៉ុន។
ទីប្រឹក្សាសន្តិសុខជាតិសេតវិមាន លោក Jake Sullivan បាននិយាយទៅកាន់អ្នកសារព័ត៌មាន នៅលើយន្តហោះកងទ័ពអាកាស Air Force One ដែលធ្វើដំណើរទៅកាន់ប្រទេសអ៊ីតាលី ថា យើងបញ្ជាក់ នូវចក្ខុវិស័យច្បាស់លាស់នៃការងារជាមួយសម្ព័ន្ធមិត្ត និងដៃគូរបស់យើង ជាមួយប្រទេសអ៊ុយក្រែន ដើម្បីបន្តពង្រឹងសមត្ថភាពការពារនិងទប់ទល់ ដ៏គួរឱ្យទុកចិត្ត របស់អ៊ុយក្រែន។
លោក Sullivan បានសន្យាពីការគាំទ្ររយៈពេលវែងរបស់សហរដ្ឋអាមេរិក សម្រាប់ការប្រយុទ្ធរបស់អ៊ុយក្រែន ប្រឆាំងការឈ្លានពានរបស់រុស្ស៊ី។ ទោះជាយ៉ាងណា លោកបានបញ្ជាក់ថា កិច្ចព្រមព្រៀងនេះ មិនរួមបញ្ចូលការប្តេជ្ញាចិត្តណាមួយ ក្នុងការប្រើប្រាស់កងកម្លាំងសហរដ្ឋអាមេរិក ដើម្បីការពារអ៊ុយក្រែន នោះទេ។