
ប្រតិបត្តិការជួយសង្រ្គោះបន្ទាន់ បានចាប់ផ្តើមកាលពីថ្ងៃពុធ ក្រោយទឹកជំនន់បណ្តាលមកពីភ្លៀងធ្លាក់ខ្លាំង វាយប្រហារតំបន់ភាគកណ្តាល និងភាគខាងត្បូងប្រទេសឈីលី ។
យោងតាមការអះអាងរបស់ក្រុមអាជ្ញាធរឈីលី បានឲ្យដឹងថា មនុស្សយ៉ាងហោច ៤០០គ្រួសារ បានជម្លៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេ នៅតំបន់ La Araucania, Bio Bio និងតំបន់ Nuble ដោយសារព្យុះស៊ីក្លូនត្រូពិក ។
ខ្យល់បក់ និងភ្លៀងធ្លាក់ខ្លាំងដែលបានវាយប្រហារតំបន់ភាគកណ្តាល និងភាគខាងត្បូងប្រទេសឈីលី បានធ្វើឲ្យខូចខាតផ្ទះសម្បែងប្រជាពលរដ្ឋជាច្រើនខ្នង និងកាត់ផ្តាច់ផ្លូវបណ្តាលមកពីទឹកជំនន់ និងទឹកទន្លេឡើង ។
រដ្ឋាភិបាលឈីលី បានប្រកាសថា តំបន់រងផលប៉ះពាល់ធ្ងន់ធ្ងរបំផុត គឺជាតំបន់គ្រោះមហន្តរាយ ។
ខណៈពេលនោះដែរ ការិយាល័យឧតុនិយមឈីលី ព្យាករណ៍ថា ខ្យល់បក់ និងភ្លៀងធ្លាក់ខ្លាំង នឹងបន្តកើតមានក្នុងតំបន់ទាំង ៣ខាងលើ ហើយព្យុះស៊ីក្លូន នឹងបោកបក់ទៅដល់ទីក្រុង Santiago ៕