
លោក Hashem Safieddine គឺជាមន្រ្តីរបស់ក្រុមហេសប៊ូឡា និយាយកាលពីថ្ងៃពុធថា កងកម្លាំងរបស់លោកសន្យាបង្កើនកម្លាំង និងបរិមាណប្រតិបត្តិការសឹកប្រឆាំងអ៊ីស្រាអែល ក្រោយការសម្លាប់លោក Taleb Abdallah ដែលជាមេបញ្ជាការជាន់ខ្ពស់របស់ពួកគេ ។
លោក Safieddine បានធ្វើសេចក្តីអត្ថាធិប្បាយបែបនេះ នៅក្នុងពិធីបុណ្យសពរបស់លោក Abdallah ។
អ៊ីស្រាអែល និងប្រភពសន្តិសុខចំនួន ៣នៅក្នុងប្រទេសលីបង់ បាននិយាយថា ការវាយប្រហាររបស់អ៊ីស្រាអែលលើភូមិ Jouaiyya ស្ថិតនៅភាគខាងត្បូងប្រទេសលីបង់ កាលពីយប់ថ្ងៃអង្គារ បានសម្លាប់យុទ្ធជនហេសប៊ូឡា ៣នាក់ ជាមួយលោកមេបញ្ជាការជាន់ខ្ពស់ Abdallah ។
ប្រភពព័ត៌មានមួយ បាននិយាយថា លោក Abdallah គឺជាមេបញ្ជាការជាន់ខ្ពស់បំផុតរបស់ក្រុមហេសប៊ូឡា ដែលត្រូវបានសម្លាប់អំឡុងជម្លោះរយៈពេល ៨ខែកន្លងមកនេះ ។
ក្រុមឧទ្ទាមហេសប៊ូឡា និងអ៊ីស្រាអែក ជាប់មានជម្លោះនឹងគ្នា ចាប់តាំងពីការផ្ទុះសង្រ្គាមនៅតំបន់ហ្កាហ្សា កាលពីខែតុលា ឆ្នាំ ២០២៣ គឺជាជម្លោះមួយនាំឲ្យមានក្តីបារម្ភដល់ការប្រឈមធំជាងនេះ រវាងគូសត្រូវប្រដាប់អាវុធធុនធ្ងន់នៅក្នុងតំបន់ ៕