ភ្នំពេញ ៖ អភិបាលរាជធានីភ្នំពេញបានថ្លែងថា ក្រុមប្រឹក្សា គឺជាតំណាងប្រជាពលរដ្ឋទាំងមូលមិនមែនជាចៅហ្វាយរបស់ពលរដ្ឋទេ។
ក្រុមប្រឹក្សាជាតំណាងប្រជាពលរដ្ឋទាំងមូល ក្នុងនាមជាតំណាងប្រជាពលរដ្ឋ មិនមែនជាចៅហ្វាយរបស់ប្រជាពលរដ្ឋទេ ដូច្នេះក្រុមប្រឹក្សាត្រូវដឹងពីតួនាទីរបស់ខ្លួន ក្នុងការបម្រើប្រជាពលរដ្ឋ ទាំងការរក្សាសន្តិសុខ សណ្ដាប់ធ្នាប់នៅក្នុងមូលដ្ឋាន និងការអភិវឌ្ឍនៅក្នុងមូលដ្ឋាន។ នេះជាការលើកឡើងរបស់ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ខណៈដែលឯកឧត្ដមអញ្ជើជាអធិបតីភាពក្នុងពិធីប្រកាសចូលកាន់តំណែងក្រុមប្រឹក្សាខណ្ឌចំការមន នារសៀលថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលពិព័រណ៍កោះពេជ្រ។
ឯកឧត្តម ឃួង ស្រេង មានប្រសាសន៍ថា ក្រុមប្រឹក្សាអាណត្តិទី៣ គឺពិតជាបានចូលរួមយ៉ាងសកម្មជាមួយអាជ្ញាធរ និងប្រជាពលរដ្ឋក្នុងការអភិវឌ្ឍន៍មូលដ្ឋាន ការសង្គ្រោះប្រជាពលរដ្ឋ ការការពារសន្តិសុខក្នុងការបោះឆ្នោតនានាកន្លងមកឲ្យដំណើរការទៅដោយរលូន ជាមួយគ្នានេះត្រូវប្តេជ្ញាចិត្តរួមគ្នា អភិវឌ្ឍន៍ប្រទេសឲ្យសម្រេចបាននូវចក្ខុវិស័យ ក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ ២០៥០។
ឯកឧត្តម ឃួង ស្រេង ក៏បានណែនាំឲ្យអាជ្ញាធរមូលដ្ឋាន និងកម្លាំងមានសមត្ថកិច្ច ត្រូវចុះពិនិត្យមើលហេដ្ឋារចនាសម្ព័ន្ធនៅក្នុងមូលដ្ឋាន ថាតើមានអ្វីដែលខូចខាតត្រូវកែលំអរឲ្យមានសោភណ្ឌភាពឡើងវិញ ជាមួយនឹងការទប់ស្កាត់ក្មេងទំនើងកុំឲ្យកើតមានតាមមូលដ្ឋាន។
ឯកឧត្តម ឃួង ស្រេង បន្តថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានីភ្នំពេញ និងក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ កន្លងទៅ រដ្ឋបាលរាជធានីភ្នំពេញបានចូលរួមការពារសន្តិសុខ និងអនុវត្តកិច្ចការនានាត្រឹមត្រូវតាមច្បាប់ ធ្វើឲ្យដំណើរការរៀបចំការបោះឆ្នោតប្រព្រឹត្តទៅដោយរលូន ប្រកបដោយលក្ខណៈសេរី ត្រឹមត្រូវ យុត្តិធម៌ និងមានសុវត្ថិភាព ក្នុងនោះគណបក្សនយោបាយចំនួន ៥ គណបក្ស បានចូលរួមប្រកួតប្រជែង ដោយមានអង្គបោះឆ្នោត ចំនួន ៨៩៩ នាក់ ចែកចេញជា ១៤ ការិយាល័យបោះឆ្នោត។ ជាលទ្ធផល តំណែងប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងតំណែងប្រធានក្រុមប្រឹក្សាខណ្ឌទាំង ១៤ គឺបានទៅលើបេក្ខជនឈរឈ្មោះបោះឆ្នោតមកពីគណបក្សប្រជាជនកម្ពុជាទាំងអស់។ ដោយឡែកសម្រាប់ក្រុមប្រឹក្សាខណ្ឌចំការមនដែលប្រកាសចូលកាន់តំណែងនៅពេលនេះ មានចំនួន១៩រូប ក្នុងនោះ លោក ព្រុំ សំខាន់ ត្រូវបានតែងតាំងជាប្រធានក្រុមប្រឹក្សាខណ្ឌចំការមន សម្រាប់អាណត្តិទី៤នេះ៕
អត្ថបទ ៖ ប្រាក់ វ៉ាន់ដា













