
នៅថ្ងៃព្រហស្បតិ៍នេះ ជនប៉ាឡេស្ទីនជម្លៀសខ្លួននៅតំបន់ al-Mawasi ស្ថិតក្នុងទីក្រុងខាងត្បូង Rafah បានបង្ខំចិត្តរៀបចំទ្រព្យសម្បត្តិរបស់ពួកគេជាថ្មីម្តងទៀត ស្របពេលដែលការវាយប្រហាររបស់អ៊ីស្រាអែលបន្តនៅក្នុងតំបន់នោះ។
ក្រុមអ្នកស្រុក និយាយនៅថ្ងៃព្រហស្បតិ៍នេះថា រថក្រោះអ៊ីស្រាអែល ចូលកាន់តែជ្រៅទៅភាគខាងលិចទីក្រុង Rafah ខណៈដែលការទម្លាក់គ្រាប់បែក ការវាយប្រហារជើងគោក និងផ្លូវទឹកដ៏អាក្រក់បំផុតកាលពីយប់មិញ បានបង្ខំឲ្យមនុស្សជាច្រើនគ្រួសារ រត់ភៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេ ។
អ៊ីស្រាអែល បានច្រានចោលនៅក្នុងសេចក្តីថ្លែងការណ៍ថា ពួកគេពុំបានវាយប្រហារណាមួយនៅក្នុងតំបន់មនុស្ស ធម៌ Al-Mawasi នោះឡើយ ។
លោក Sami គឺជាជនប៉ាឡេស្ទីនជម្លៀសខ្លួនមួយរូប និយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា លោកដេកលើដីខ្សាច់ និងហូបអាហារតែម្តងគត់ក្នុង ១ថ្ងៃ ។
លោកបន្តថា ពួកយើងហត់នឿយផ្នែកផ្លូវអារម្មណ៍ខ្លាំងណាស់ សូមព្រះជាម្ចាស់បញ្ឈប់សង្រ្គាមមួយនេះទៅ ពួកយើងហត់នឿយណាស់ទៅហើយ ។
អ៊ីស្រាអែល និយាយថា ការវាយប្រហាររបស់ពួកគេមានគោលដៅបោសសម្អាតឲ្យអស់ក្រុមហាម៉ាស់នៅក្នុងទីក្រុង Rafah គឺជាទីក្រុងមួយមានមនុស្សជាង ១លាននាក់ រស់នៅ មុនការវាយប្រហារចុងក្រោយរបស់ពួកគេ ចាប់ផ្តើម ៕