
ប្រទេសចិន នៅថ្ងៃព្រហស្បតិ៍ (ទី១៣ ខែមិថុនា) នេះ បាននិយាយថា ខ្លួន «រក្សាសិទ្ធិ» ក្នុងការដាក់ពាក្យប្តឹងទៅអង្គការពាណិជ្ជកម្មពិភពលោក (WTO) ជុំវិញគម្រោងដំឡើងពន្ធថ្មីរបស់សហភាពអឺរ៉ុប (EU) លើការនាំចូលរថយន្តអគ្គិសនី (EV) របស់ខ្លួន។
គួរបញ្ជាក់ថា EU បានព្រមានក្នុងសប្តាហ៍នេះថា ខ្លួននឹងដំឡើងពន្ធបន្ថែមរហូតដល់ ៣៨ភាគរយលើការនាំចូលរថយន្តអគ្គិសនីរបស់ចិន ចាប់ពីខែកក្កដា បន្ទាប់ពីមានការស៊ើបអង្កេតប្រឆាំងនឹងការឧបត្ថម្ភធន។
គណៈកម្មការអឺរ៉ុបបានស្នើដំឡើងពន្ធបណ្តោះអាសន្នលើក្រុមហ៊ុនផលិតរបស់ចិន ដោយមានដូចជាចំនួន ១៧,៤ភាគរយចំពោះក្រុមហ៊ុន BYD ដែលជាទីផ្សារដ៏ធំ ចំនួន ២០ភាគរយចំពោះក្រុមហ៊ុន Geely និងចំនួន ៣៨,១ភាគរយចំពោះក្រុមហ៊ុន SAIC។ EU បានបញ្ជាក់ថា ចំនួននេះអាស្រ័យលើកម្រិតនៃការឧបត្ថម្ភធនរបស់រដ្ឋដែលក្រុមហ៊ុននីមួយៗទទួលបាន។
អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មរបស់ទីក្រុងប៉េកាំង លោក He Yadong បានប្រាប់សន្និសីទសារព័ត៌មានថា៖ «ប្រទេសចិនរក្សាសិទ្ធិក្នុងការប្តឹងទៅ WTO និងចាត់វិធានការចាំបាច់ទាំងអស់ ដើម្បីការពារសិទ្ធិ និងផលប្រយោជន៍របស់ក្រុមហ៊ុនចិន»។
លោកបានថ្កោលទោសចំណាត់ការនេះថា ខ្វះ «មូលដ្ឋានជាក់ស្តែង និងផ្លូវច្បាប់»។ លោក He បានបន្ថែមថា៖ «សកម្មភាពនេះមិនត្រឹមតែធ្វើឲ្យប៉ះពាល់ដល់សិទ្ធិ និងផលប្រយោជន៍ស្របច្បាប់នៃឧស្សាហកម្មរថយន្តអគ្គិសនីរបស់ចិនប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងនឹងធ្វើឲ្យខូចទ្រង់ទ្រាយផលិតកម្មរថយន្ត និងខ្សែច្រវាក់ផ្គត់ផ្គង់ នៅជុំវិញពិភពលោកទៀតផង ក្នុងនោះរួមទាំងនៅក្នុងសហភាពអឺរ៉ុបផងដែរ»។
លោកបានសង្កត់ធ្ងន់ថា៖ «វិធានការរបស់ភាគីអឺរ៉ុបត្រូវបានសង្ស័យថា បានរំលោភលើច្បាប់របស់ WTO និងជាឥរិយបថនៃអ្នកគាំពារនិយមហួសហែតុ»៕