រដ្ឋាភិបាលនៃរដ្ឋ វីកតូរៀ (Victoria) របស់អូស្ត្រាលី បាននិយាយថា មេរោគផ្តាសាយបក្សីដែលបង្កជំងឺខ្លាំង ត្រូវបានគេរកឃើញនៅក្នុងកសិដ្ឋានសត្វទាមួយនៅជិតទីក្រុង មែលប៊ន (Melbourne) និងនៅជិតកសិដ្ឋានបសុបក្សីចំនួន ៥ កន្លែងដែលមេរោគប្រភេទនេះបានរីករាលដាលរួចទៅហើយ។ កសិដ្ឋានចិញ្ចឹមទានោះស្ថិតនៅក្នុងតំបន់ចត្តាឡីស័ក ឬតំបន់ត្រូវដាក់ដាច់ដោយឡែកមួយ ដែលបានបង្កើតឡើងនៅជុំវិញទីតាំងរងផលប៉ះពាល់ផ្សេងទៀត ហើយរដ្ឋាភិបាលបាននិយាយថាការចម្លងរបស់មេរោគនោះមិនមែនជារឿងគួរឱ្យភ្ញាក់ផ្អើលទេ។

អាជ្ញាធរកំពុងព្យាយាមទប់ស្កាត់ការផ្ទុះឡើងនៃជំងឺផ្តាសាយបក្សីពីរប្រភេទនៅជិតទីក្រុងមែលប៊ន ដែលមួយជាប្រភេទ H7N3 នៅលើកសិដ្ឋានចិញ្ចឹមសត្វចំនួនបួនកន្លែង និងកសិដ្ឋានសត្វទា និងមួយទៀតគឺប្រភេទ H7N9 នៅលើកសិដ្ឋានបសុបក្សីចម្ងាយប្រហែល ១៣០ គីឡូម៉ែត្រនៅភាគនិរតី។

មេរោគទាំងពីរប្រភេទនេះមិនមែនដូចនឹងប្រភេទ H5N1 ដ៏ល្បីល្បាញដែលបានឆ្លងដល់សត្វព្រៃ និងសត្វចិញ្វឹមរាប់លានក្បាលនៅទូទាំងពិភពលោក និងដែលធ្វើឱ្យខូចដល់សង្វាក់ផ្គត់ផ្គង់អាហារ ព្រមទាំងបង្កើនការភ័យខ្លាចនៃការចម្លងដល់មនុស្សទេ។ នាយកដ្ឋានកសិកម្មរបស់រដ្ឋ វីកតូរៀ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃព្រហស្បតិ៍ (១៣ មិថុនា) ថា «សត្វទាទាំងអស់នៅក្នុងទីតាំងឆ្លងនោះនឹងត្រូវបានកម្ចាត់ចេញក្នុងស្ថានភាពត្រឹមត្រូវមួយក្រោមការត្រួតពិនិត្យរបស់បសុពេទ្យ ស្របតាមគោលនយោបាយជាតិ ហើយទីតាំងនឹងត្រូវសម្អាត និងកម្ចាត់មេរោគ»។
រដ្ឋមន្ត្រីក្រសួងកសិកម្មសហព័ន្ធ លោក មឺរី វ៉ាត់ (Murray Watt) បាននិយាយនៅសប្តាហ៍នេះថា ប្រហែលមួយលានក្បាលនៃសត្វមាន់កំពុងពង ចំនួន ២១ ទៅ ២២ លានក្បាលរបស់អូស្ត្រាលី ត្រូវបាន ឬនឹងត្រូវសម្លាប់នៅកសិដ្ឋានដែលរងផលប៉ះពាល់ដើម្បីទប់ស្កាត់មេរោគនេះ។ យោងតាមរដ្ឋាភិបាលបានឱ្យដឹងថា មុនពេលមានករណីឆ្លងចុងក្រោយនេះកើតឡើង អូស្ត្រាលីបានឃើញការផ្ទុះឡើងនៃជំងឺផ្តាសាយបក្សីចំនួន ៩ ករណីដែលបង្កជំងឺយ៉ាងខ្លាំង ចាប់តាំងពីឆ្នាំ១៩៧៦ ដែលត្រូវបានទប់ស្កាត់ និងលុបបំបាត់ចោល៕
