មន្ត្រីបាននិយាយកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ថា មនុស្សយ៉ាងហោចណាស់៦ នាក់ បានស្លាប់ ៥នាក់កំពុងបាត់ខ្លួន និងភ្ញៀវទេសចរ១.៥០០នាក់ បានជាប់ខ្លួន ខណៈបំណាក់ដីដ៏ធំបង្កឡើងដោយភ្លៀងធ្លាក់ឥតឈប់ បានបបង្កការបំផ្លិចបំផ្លាញនៅក្នុងស្រុក ម៉ាន់ហ្គាន (Mangan)ភាគខាងជើង ទីក្រុង ស៊ីកគីម (Sikkim)ប្រទេសឥណ្ឌា ។

មន្ត្រីក្នុងតំបន់បាននិយាយថា បំណាក់ដីបានបិទផ្លូវ ហើយផ្ទះសម្បែងពលរដ្ឋជាច្រើនខ្នងត្រូវបានទឹកជន់លិច ឬខូចខាត ខណៈបង្គោលភ្លើង ត្រូវបានទឹកហូរកួច។ ស្ថានភាពកាន់តែគ្រោះថ្នាក់ ស្របពេលទឹកក្នុងទន្លេ ទីស្តា (Teesta) ដែលហក់ឡើងខ្លាំងបានជន់លិចកីឡដ្ឋាន ម៉េលី (Melli) នៅភាគខាងត្បូង ទីក្រុង ស៊ីកគីម ទន្ទឹមនឹងមនុស្សមួយចំនួនបាត់បង់លំនៅឋាន។
ភាគខាងជើងទីក្រុងនេះ ត្រូវបានឯកោទាំងស្រុង ដោយសារតែបំណាក់ដីនៅលើផ្លូវហាយវ៉េលេខ ១០ ដែលជាផ្លូវដ៏សំខាន់តភ្ជាប់តំបន់នេះ ទៅកាន់ទីក្រុង កាលីមប៉ុង ( Kalimpong) ក្នុងរដ្ឋ វ៉េស ប៊ែងហ្គាល់(West Bengal)របស់ប្រទេសឥណ្ឌា ។
ទឹកជំនន់ និងបំណាក់នេះ កើតឡើង ខណៈផ្នែកមួយចំនួនរបស់ប្រទេសឥណ្ឌា នៅតែរងគ្រោះពីរលកកម្ដៅរហូតដល់មានមនុស្សជាច្រើនបានស្លាប់ ហើយប្រជាពលរដ្ឋនៅក្នុងរដ្ឋធានីដេលី របស់ប្រទេសឥណ្ឌា កំពុងខ្វះខាតទឹកប្រើប្រាស់ និងប្រឈមរលកកម្ដៅខ្ពស់៕
