រដ្ឋមន្ត្រីក្រសួងថាមពលរបស់ប្រទេសនេះបានប្រាប់សារព័ត៌មានរ៉យទ័រថា អ៊ុយក្រែន ត្រូវការប្រព័ន្ធការពារដែនអាកាសបន្ថែមទៀតក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខ ដើម្បីអនុញ្ញាតឱ្យមានការជួសជុលហេដ្ឋារចនាសម្ព័ន្ធថាមពលចំនួនពាក់កណ្តាលរបស់ខ្លួន ដែលត្រូវបានបំផ្លាញដោយការវាយប្រហាររបស់រុស្ស៊ី បើមិនដូច្នោះទេនឹងមិនអាចបំពេញតម្រូវការក្នុងរដូវរងារបានឡើយ។

លោក ជើមែន ហ្កាលូសឈិនកូ (German Galushchenko) បាននិយាយថា រុស្ស៊ីកំពុងបង្កើនការវាយប្រហាររបស់ខ្លួនលើប្រព័ន្ធថាមពល ដោយធ្វើឱ្យការជួសជុលលំបាក និងការផ្គត់ផ្គង់មិនគ្រប់គ្រាន់។ ការវាយប្រហារដោយមីស៊ីល និងយានដ្រូនរបស់រុស្សី លើវិស័យថាមពលរបស់អ៊ុយក្រែន បានកើនឡើងខ្លាំងចាប់តាំងពីខែមីនា ដោយបំផ្លាញចំនួនពាក់កណ្តាលនៃសមត្ថភាពផលិតរបស់ខ្លួន ដែលបណ្តាលឱ្យមានការដាច់ចរន្តអគ្គិសនី រួមទាំងនៅរដ្ឋធានីគីវ ផងដែរ។

លោក ហ្កាលូសឈិនកូ បាននិយាយថា «ប្រាំខែទៀតរដូវរងាមកដល់ ហើយបើសិនយើងមិនអាចការពារដែនអាកាសពីឥឡូវនេះ នោះយើងមិនអាចធ្វើការជួសជុលបានទេ។ តួលេខ ៥០ ភាគរយនៃការផលិតថាមពលគឺមិនគ្រប់គ្រាន់ដើម្បីឆ្លងកាត់រដូវរងារឡើយ»។ គួរបញ្ជាក់ថា រដូវរងាគឺជាពេលវេលាដែលតម្រូវការថាមពលនៅអ៊ុយក្រែន មានកម្រិតខ្ពស់បំផុត ខណៈដែលសីតុណ្ហភាពធ្លាក់ចុះក្រោមសូន្យ។

អ៊ុយក្រែនបាននិងកំពុងទទូចសុំ ជាពិសេសប្រព័ន្ធការពារមីស៊ីល ប៉ាទ្រីយ៉ូត (Patriot) ផលិតដោយសហរដ្ឋអាមេរិក ដែលបានបង្ហាញនូវសារៈសំខាន់សម្រាប់ឱកាសរបស់ទីក្រុងគីវ ក្នុងការបាញ់ទម្លាក់មីស៊ីលបាលិស្ទិក និងលឿនជាងសំឡេងរបស់រុស្ស៊ី។ រហូតមកដល់ពេលនេះ អ៊ុយក្រែនបានខ្វះខាតគ្រឿងយុទ្ធោបករណ៍ទាំងនោះ ខណៈប្រទេសនេះប្រឈមមុខនឹងការពន្យារពេលជំនួយយោធាពីអាមេរិក ការវាយប្រហារកាន់តែខ្លាំងលើហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន និងការវាយរុញរបស់ទីក្រុងមូស្គូ នៅសមរភូមិជួរមុខ រយៈពេល ២៧ ខែបន្ទាប់ពីប្រតិបត្តិការយោធាពិសេសរបស់រុស្ស៊ី៕