
អនុប្រធានាធិបតីអាមេរិក លោកស្រី Kamala Harris នឹងចូលរួមកិច្ចប្រជុំកំពូលអ៊ុយក្រែនអន្តរជាតិ នៅប្រទេសស្វីសចុងសប្តាហ៍នេះ ជាកន្លែងដែលលោកស្រីនឹងជួបជាមួយប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy និងថ្លែងសុន្ទរកថាទៅកាន់មេដឹកនាំពិភពលោកផ្សេងទៀត។
មន្ត្រីអាមេរិកមួយរូប បានប្រាប់ឲ្យដឹងថា ក្នុងសុន្ទករថានោះ លោកស្រី Harris នឹងសង្កត់ធ្ងន់ពីលទ្ធផលនៃសង្គ្រាមជាមួយរុស្ស៊ី ដែលប៉ះពាល់ដល់ពិភពលោកទាំងមូល ហើយនិងជំរុញឲ្យមានប្រទេសចំនួនកាន់តែច្រើនបំផុតគាំទ្រការយល់ឃើញ ដែលថា ការលុកលុយរបស់ទីក្រុងមូស្គូលើអ៊ុយក្រែន គឺជាការរំលោភលើគោលការណ៍របស់ធម្មនុញ្ញអង្គការសហប្រជាជាតិ (UN) ហើយថា អធិបតេយ្យភាព និងបូរណភាពទឹកដីរបស់អ៊ុយក្រែន ត្រូវតែគោរព។
លោកស្រី Harris ដែលនឹងចំណាយពេលមិនដល់ ២៤ម៉ោង នៅឯការជួបជុំ ក្នុងទីក្រុង Lucerne របស់ប្រទេសស្វីស នឹងតំណាងឲ្យប្រធានាធិបតីលោក Joe Biden នៅក្នុងព្រឹត្តិការណ៍នេះ។ ចំណែកលោកប្រធានាធិបតី ទើបតែបញ្ចប់ការចូលរួមរបស់លោក នៅក្នុងកិច្ចប្រជុំកំពូលរបស់ប្រទេសទាំង៧ (G7) នៅក្នុងប្រទេសអ៊ីតាលី ហើយត្រឡប់ទៅសហរដ្ឋអាមេរិកវិញ ដើម្បីចូលរួមកម្មវិធីរៃអង្គាសប្រាក់ សម្រាប់យុទ្ធនាការស្វែងរកការជាប់ឆ្នោតឡើងវិញរបស់លោក នៅក្នុងទីក្រុង Los Angeles។
ជាមួយគ្នានេះ លោកស្រី Harris នឹងជួបជាមួយលោក Zelenskyy ហើយនឹងថ្លែងសុន្ទរកថាទៅកាន់កិច្ចប្រជុំពេញអង្គរបស់កិច្ចប្រជុំនេះ។ សម្រាប់លោក Biden និងលោក Zelenskyy មេដឹកនាំទាំង២ បានជួបពិភាក្សាគ្នាទាំងនៅក្នុងកិច្ចប្រជុំកំពូល G7 ជាកន្លែងដែលពួកគេបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិសុខទ្វេភាគី រវាងសហរដ្ឋអាមេរិក និងអ៊ុយក្រែន ហើយនៅក្នុងប្រទេសបារាំង សម្រាប់ព្រឹត្តិការណ៍ប្រារព្ធខួបលើកទី៨០ នៃជ័យជម្នះឡើងដល់ដីគោក ឬ D-Day៕