
ភ្នំពេញ៖ សហភាពសហព័ន្ធយុវជនកម្ពុជា (សសយក) ដែលមាន ឯកឧត្តម ហ៊ុន ម៉ានី ជាប្រធាន បានដឹកនាំ រៀបចំ ព្រះរាជពិធីចម្រើនព្រះជន្ម និងថ្វាយព្រះពរ ថ្វាយព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ គម្រប់ ៨៨ យាងចូល ៨៩ ព្រះវស្សា នាព្រឹកថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ ២០២៤ នៅខាងមុខប្រាសាទចន្ទច្ឆាយា ដែលមានអ្នកចូលរួមប្រមាណ ៥០០ អង្គ/នាក់។
ក្នុងឱកាសដ៏ថ្លៃថ្លានេះ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ក៏បានអញ្ជើញថ្វាយកម្រងមាលា នៅមុខព្រះរាជបណ្តាំ ព្រះករុណា ព្រះបាទសម្តេចនរោត្តមសីហនុ ព្រះមហាវីរក្សត្រ ព្រមទាំងបានថ្លែងសុន្ទរកថាថ្វាយព្រះពរចម្រើនព្រះជន្មវស្សាហ្លួងម៉ែ នូវព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះកាយពលរឹងមាំ ព្រះបញ្ញាញាណ ភ្លឺថ្លាត្រចះត្រចង់ ព្រះជន្មាយុយឺនយូរ ចាកផុតព្រះរោគាព្យាធិ នានាជាអង្វែងតរៀងទៅ។ ឯកឧត្តមក៏បានថ្វាយនូវ កតញ្ញូកតវេទិតាធម៌យ៉ាង ស្មោះស្ម័គ្របំផុតចំពោះព្រះអង្គ ដែលបានលះបង់ព្រះបញ្ញាញាណ ក្នុងព្រះរាជ សកម្មភាពដ៏ឧត្តុង្គឧត្តមថ្លៃថ្លាប្រកបដោយព្រះគុណធម៌ ព្រះមនុស្សធម៌ ជាពិសេសព្រះ រាជសកម្មភាពជាព្រះប្រធានកិត្តិយស នៃកាកបាទក្រហមកម្ពុជា, សមាគមកាយឫទ្ធិនារី កម្ពុជា, ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី ដែលបានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការ លើកកម្ពស់ជីវភាពប្រជានុរាស្ត្ររបស់ព្រះអង្គ ជាពិសេសតួនាទីស្ត្រីក្នុងសង្គមកម្ពុជា។
ឯកឧត្តម សុខន តារាពី អនុប្រធានប្រចាំការនៃនាយកដ្ឋានផ្សព្វផ្សាយ និងទំនាក់ទំនងសាធារណៈ នៃសហភាពសហព័ន្ធយុវជនកម្ពុជា បានមានប្រសាសន៍ឱ្យដឹងថា ដោយទទួលបានព្រះបរមរាជានុញ្ញាតពី សម្តេចព្រះមហាក្សត្រី នរោត្ត មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ទើបសហភាពសហព័ន្ធយុវជនកម្ពុជា មានកិត្តិយស រៀបចំព្រះរាជពិធីចម្រើនព្រះជន្ម និងថ្វាយព្រះពរ សម្ដេចព្រះមហាក្សត្រី ដោយបាននិមន្តព្រះសង្ឃចម្រើនព្រះបរិត្ត និងគោចរបិណ្ឌបាត្រសរុប ៨៩ អង្គ ព្រមទាំងបានរៀបចំពិព័រណ៌ព្រះបរមឆាយាល័ក្ខណ៍សម្តេចព្រះមហាក្សត្រីព្រះវររាជមាតាជាតិខ្មែរ ក្នុងគោលបំណងផ្សព្វផ្សាយនូវព្រះរាជជីវប្រវត្តិ ស្នាព្រះហស្ថ និងព្រះរាជសកម្មភាពយាងដង្ហែព្រះបរមរតនកោដ្ឋ ព្រះវររាជបិតាជាតិខ្មែរ និងព្រះរាជសកម្មភាពក្នុងព្រះរាជកិច្ចមនុស្សធម៌ សង្គមកិច្ច ប្រកបដោយទសពិធរាជធម៌របស់សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទី គោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។ ពិព័រណ៌ព្រះបរមឆាយាល័ក្ខណ៍របស់ព្រះអង្គដោយចាប់ផ្តើមប្រារព្ធពីថ្ងៃសៅរ៍ ទី១៥ រហូតដល់ ថ្ងៃសៅរ៍ ទី៣០ ខែមិថុនា ឆ្នាំ២០២៤ ដែលសាធារណជនអាចទស្សនាបានដោយមេត្រី។
បន្ថែមពីលើ ពិព័រណ៌ព្រះបរមឆាយាល័ក្ខណ៍សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតា ជាតិខ្មែរ សហភាពសហព័ន្ធយុវជនកម្ពុជា ក៏ទទួលបានព្រះបរមរាជានុញ្ញាតពី សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ការបញ្ចាំងខ្សែភាពយន្តស្នា ព្រះហស្តរបស់ ព្រះបរមរតនកោដ្ឋ រឿងព្រៃប្រសិទ្ធី នាថ្ងៃទី១៤-១៥ មិថុនា វេលា ម៉ោង ៧ល្ងាច នៅរោងភាពយន្ត Major Cineplex នៅផ្សារទំនើប Aeon Mall ភ្នំពេញ។
សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ប្រសូតនៅថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ១៩៣៦។ ហ្លួងម៉ែ នរោត្តម មុនិនាថ សីហនុ បានរៀបអភិសេកជាមួយ ព្រះករុណា ព្រះបាទសម្តេចនរោត្តមសីហនុ ព្រះមហាវីរក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងខែមេសា ឆ្នាំ១៩៥២ ហើយទ្រង់ជាមហេសីសំណព្វព្រះហឫទ័យរបស់ព្រះបាទសម្តេច នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ដែលបានទទួលព្រះស្រឹង្គារ ក្តីស្រឡាញ់ មេត្តាប្រោសប្រណីយ៉ាងខ្លាំងក្លាពីព្រះស្វាមី ក្នុងរយៈពេលដ៏យូរលង់ជាងកន្លះសតវត្សរ៍កន្លងទៅនេះ៕
ដោយ៖ កញ្ញា ចេន សុភ






