ពោធិ៍សាត់៖ ឯកឧត្តមបណ្ឌិត ទី ថានី សមាជិករដ្ឋសភា និងជាអ្នកតំណាងរាស្ត្រខេត្តពោធិ៍សាត់ បានដឹកនាំប្រជាពលរដ្ឋ និងសិស្សានុសិស្សដាំដើមឈើ ក្នុងបរិវេណសាលាបឋមសិក្សាទឹកល្អក់ ហើយឯកឧត្តម និងសប្បុរសជនក៏បាននាំមកនូវសម្ភារៈសិក្សា នំចំណីចែកជូនដល់សិស្សានុសិស្ស១៥០នាក់ ក្នុងនោះក៏មានធ្វើពិធីប្រគល់ក្លោងទ្វារសាលា ដែលឧបត្ថម្ភកសាងដោយឯកឧត្តម និងក្រុមគ្រួសារផងដែរ ។ ពិធីនេះបានធ្វើឡើងក្នុងបរិវេណសាលាបឋមសិក្សាទឹកល្អក់ ស្ថិតក្នុងភូមិប៉ែន ឃុំលាច ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ដោយមានការចូលរួមពីលោក ហេង សុភាណា អភិបាលស្រុកភ្នំក្រវាញ សប្បុរសជន អធិការនគរបាលស្រុក អាជ្ញាធរឃុំលាច ប្រជាពលរដ្ឋ លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្ស សរុបប្រមាណ២៥០នាក់ ។
ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ទី ថានី មានប្រសាសន៍លើកឡើងថា យើងរួមគ្នាដាំដើមឈើក្នុងបរិវេណសាលាបឋមសិក្សាទឹកល្អក់ក្នុងពេលនេះ គឺដើម្បីផ្សារភ្ជាប់ជីវិតនិងបរិស្ថាន ដើម្បីផ្តល់ម្លប់ដល់សិស្សានុសិស្ស ជាពិសេស
ជាការបណ្តុះផ្នត់គំនិតឱ្យសិស្សានុសិស្សចេះស្រលាញ់បរិស្ថានស្រលាញ់ដើមឈើ និងយលដឹងអំពីសារៈប្រយោជន៍នៃដើមឈើ ។ ជាមួយគ្នាដោះដែរ ឯកឧត្តម បានលើកទឹកចិត្តឱ្យសិស្សានុសិស្សទាំងអស់ត្រូវបន្តការខិតខំរៀនសូត្រ ព្រោះការរៀនសូត្រអាចជួយកែប្រែជោគវាសនាយើងឱ្យមានអនាគតល្អ ចាក់ចេញពីភាពក្រីក្រ ហើយឯកឧត្តមក៏បាន
ជម្រុញឱ្យមាតាបិតាសិស្សត្រូវប្តេជ្ញា ខិតខំគ្រប់បែបយ៉ាងកុំឱ្យកូនបោះបង់ការសិក្សា ដោយបច្ចុប្បន្នរាជរដ្ឋាភិបាលមានការយកចិត្តទុដាក់ខ្ពស់លើការអប់រំធនធានមនុស្ស ហើយក្នុងខេត្តពោធិ៍សាត់យើងក៏មានវិទ្យាស្ថានពហុបច្ចេក ដែលជាវិទ្យាស្ថានរបស់រដ្ឋ ស្ថិតក្រោមដែនសមត្ថកិច្ចរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវ: ដោយវិទ្យាស្ថាននេះ ធ្វើការបណ្តុះបណ្តាលធនធានមនុស្សលើផ្នែកជំនាញបច្ចេកទេសនិងវិជ្ជាជីវ: ជាច្រើនមុខ ដើម្បីបំពេញតាមតម្រូវការទីផ្សារការងារ ស្របពេលដែលរោងចក្រតូចធំ កំពុងមានវត្តមានជាបន្តបន្ទាប់ ក្នុងខេត្តពោធិ៍សាត់ ដែលត្រូវការបុគ្គលិកមានចំណេះជំនាញពិតប្រាកដ ។ ដូចនេះឱ្យតែមានឆន្ទះ ពេលរៀនចប់នៅក្នុងមូលដ្ឋានស្រុកភូមិ យើងអាចបន្តសិក្សាជំនាញនៅទីរួមខេត្ត ហើយអាចរកការងារធ្វើក្នុងខេត្តយើងផ្ទាល់ បានជួបជុំគ្រួសារ ។
លោក ហេង សុភាណា បានឱ្យដឹងថា សាលាបឋមសិក្សាទឹកល្អក់ មានចម្ងាយប្រមាណជិត១០គីឡូម៉ែត្រពីទីប្រជុំជនស្រុកភ្នំក្រវាញ និងប្រមាណ៣៥គីឡូមែត្រពីទីរួមខេត្តពោធិ៍សាត់ បច្ចុប្បន្នមានសិស្សពីថ្នាក់ទី១ ដល់ថ្នាក់ទី៦ សរុបចំនួន១៥០នាក់ មានគ្រូបង្រៀនចំនួន៦នាក់ ដោយសិស្សភាគច្រើនជាកូនកសិករធ្វើស្រែចំការ ។ សាលានេះស្ថិតនៅលើផ្ទៃដីប្រមាណ៥ហិកតា មានអគារសិក្សាចំនួន២ខ្នង ទៅថ្ងៃអនាគត បើចំនួនសិស្សមានការកើនឡើង សាលានេះអាចនឹង ដំឡើងទៅកំរិតអនុវិទ្យាល័យ ដើម្បីផ្តល់ភាពងាយស្រួលដល់សិស្សមិនពិបាកធ្វើដំណើរទៅបន្តការសិក្សានៅទីប្រជុំជនស្រុក ៕
អត្ថបទ៖ ភិរុណ ពៅ









