ឧបករណ៍បំពងសំឡេងដែលកូរ៉េខាងត្បូង ដាក់ពង្រាយដើម្បីធ្វើសង្គ្រាមចិត្តសាស្ត្រប្រឆាំងនឹងកូរ៉េខាងជើង បានប្រឈមមុខនឹងសវនកម្ម និងភាពតានតឹងផ្លូវច្បាប់ដោយមានការអះអាងថាឧបករណ៍ទាំងនោះមិនសូវមានសំឡេងលាន់ខ្លាំង ដោយបង្កើតជាសំណួរអំពីចម្ងាយដែលសារឃោសនារបស់ពួកគេអាចលឺទៅដល់កូរ៉េខាងជើង។

កូរ៉េខាងត្បូង បានបន្តការចាក់ឧបករណ៍បំពងសំឡេងដែលតម្រង់ទៅកាន់កូរ៉េខាងជើងនៅថ្ងៃទី០៩ ខែមិថុនា ជាលើកដំបូងចាប់តាំងពីកិច្ចព្រមព្រៀងអន្តរកូរ៉េឆ្នាំ២០១៨ ដែលពេលនេះត្រូវបានផ្អាកដោយភាគីទាំងពីរ បានហាមប្រាមការចាក់ឧបករណ៍នោះ។ ប្រព័ន្ធបំពងសំឡេងបច្ចុប្បន្នស្ថិតក្នុងចំណោមប្រព័ន្ធចំនួន ៤០ ដែលបានទិញក្នុងឆ្នាំ២០១៦ បន្ទាប់ពីកូរ៉េទាំងពីរបានបាញ់កាំភ្លើងធំដាក់គ្នានៅឆ្នាំ២០១៥ ដែលជាជម្លោះជុំវិញការចាក់ឧបករណ៍ទាំងនោះ។

យោធានិយាយថា ប្រព័ន្ធនេះត្រូវបានបង្កើតឡើងដើម្បីចាក់តន្ត្រីប៉ុប និងសារនយោបាយលឺៗ ដែលមានចម្ងាយ ១០ គីឡូម៉ែត្រ ហើយវាគ្រប់គ្រាន់ដើម្បីទៅដល់ទីក្រុង កែសុង (Kaesong) និងអ្នកស្រុកជិត ២០០.០០០ នាក់របស់កូរ៉េខាងជើង។ ប៉ុន្តែសវនកម្មដែលចេញផ្សាយនៅពេលនោះបង្ហាញថា ឧបករណ៍បំពងសំឡេងថ្មីមិនបំពេញតាមស្តង់ដារទាំងនោះទេ ហើយមិនសូវលឺខ្លាំងដូចដែលយោធាចង់បានឡើយ។
យោងតាមអតីតមន្ត្រីកងទ័ពជើងទឹក លោក គីម យ៉ាងស៊ូ (Kim Young-su) បានឱ្យដឹងថា ទោះបីជាឧបករណ៍នោះបានឆ្លងកាត់តេស្តដំបូងចំនួន ២ ដងក្នុងឆ្នាំ២០១៦ ក៏ដោយ ក៏ការសាកល្បងបានធ្វើឡើងនៅពេលព្រឹក ឬយប់ប៉ុណ្ណោះ ជាពេលដែលសំឡេងអាចលឺទៅឆ្ងាយបំផុត។ លោកបន្ថែមថា ប៉ុន្តែកូរ៉េខាងត្បូង កម្រចាក់ឧបករណ៍ទាំងនោះអំឡុងពេលវេលានោះណាស់ ព្រោះខ្លាចរំខានអ្នកស្រុករបស់ខ្លួន។

ទោះជាយ៉ាងណាក៏ដោយ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ដោយដកស្រង់សម្តីក្រុមមន្ត្រីកូរ៉េខាងត្បូងថា យ៉ាងហោចណាស់ទាហានកូរ៉េខាងជើង ២ នាក់នៅជួរមុខ បានរត់គេចទៅកាន់កូរ៉េខាងត្បូងក្នុងឆ្នាំ២០១៧ បន្ទាប់ពីបានស្តាប់ការចាក់តន្រ្តី និងសារឃោសនាតាមឧបករណ៍បំពងសំឡេងទាំងនោះ៕