ក្រុមចារកម្ម SITE បាននិយាយកាលពីថ្ងៃអាទិត្យថា សម្ព័ន្ធក្រុមអាល់កៃដា បានអះអាងទទួលខុសត្រូវចំពោះការវាយប្រហារដ៏បង្ហូរឈាម កាលពីថ្ងៃអង្គារសប្តាហ៍មុន ដែលបានសម្លាប់ទាហានរបស់ប្រទេសប៊ូគីណាហ្វាសូ ជាង១០០នាក់ នៅក្នុងទីក្រុង Mansila ភាគឦសានប្រទេស។

យោងតាមក្រុមឃ្លាំមើលការគំរាមកំហែងរបស់ក្រុមជីហាដ ដែលបានដកស្រង់ដោយប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បាននិយាយថា ក្រុមជីហាដសកម្មប្រយុទ្ធដែលមានទំនាក់ទំនងជាមួយក្រុមអាល់កៃដា បានអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនៅក្នុងតំបន់ Mansila ជិតព្រំដែនជាមួយប្រទេសនីហ៊្សេ។
យោងតាមសេចក្តីថ្លែងការណ៍ ដែលបានចេញផ្សាយដោយសមាគមនិស្សិត Mansila នៅលើទំព័រហ្វេសប៊ុករបស់ខ្លួន ថា បុគ្គលដែលមានចេតនាអាក្រក់ បានវាយប្រហារក្រុមយោធា លំនៅឋាន និងហាងទំនិញនានា កាលពីថ្ងៃអង្គារសប្តាហ៍មុន។
រដ្ឋាភិបាលប្រទេសបួគីណាហ្វាសូ នៅពុំទាន់ចេញសេចក្តីថ្លែងការណ៍ ស្តីពីការវាយប្រហារនេះនៅឡើយទេ។
