
រដ្ឋមន្ត្រីការបរទេស Dmitry Kuleba បានប្រាប់អ្នកយកព័ត៌មាននៅក្នុងសន្និសីទស្តីពីអ៊ុយក្រែន នៅប្រទេស្វ៊ីសថា វត្តមានរបស់រុស្ស៊ីនៅតុចរចា គឺចាំបាច់ណាស់ ដើម្បីបញ្ចប់ជម្លោះនៅអ៊ុយក្រែន។
អ្នកការទូតរូបនេះ បាននិយាយថា៖«ភាគីទាំងពីរ គឺចាំបាច់ណាស់ ត្រូវដោះស្រាយជម្លោះនេះ ។ «ជាការពិតណាស់ យើងយល់យ៉ាងច្បាស់ថា ពេលវេលា នឹងមកដល់ នៅពេលដែលវាចាំបាច់ ដើម្បីនិយាយជាមួយប្រទេសរុស្ស៊ី»។
លោកក៏បានទទួលស្គាល់នូវទស្សនៈផ្សេងគ្នានៃប្រទេសលោកខាងលិច និងតំបន់អភិវឌ្ឍន៍សកលលោកខាងត្បូងអំពីរបៀបបញ្ចប់ជម្លោះនេះ។ រដ្ឋមន្ត្រីការបរទេសរូបនេះ បានបន្ថែមថា៖«កាលពីម្សិលមិញ មានសំឡេងពីតំបន់អភិវឌ្ឍន៍សកលលោកខាងត្បូងអំពីការសម្របសម្រួលដ៏លំបាក ដែលចាំបាច់ត្រូវធ្វើ។ នេះមិនមែនជាភាសាដែលយើងឮពីក្រុមដៃគូលោកខាងលិចទេ»។
នៅថ្ងៃទី ១៥ និង ១៦ ខែមិថុនា ប្រទេសស្វ៊ីស បានរៀបចំសន្និសីទស្តីពីអ៊ុយក្រែន នៅរមណីយដ្ឋាន Burgenstock ។ ទីក្រុងប៊ឺន ( Bern) បានអញ្ជើញគណៈប្រតិភូជាង ១៦០ រួមទាំងអ្នកដែលមកពីប្រទេស G7, G20 និង BRICS ។ ប្រទេសរុស្ស៊ី មិនស្ថិតក្នុងចំណោមអ្នកចូលរួម ដែលបានអញ្ជើញនោះទេ។
អាជ្ញាធររុស្ស៊ី បានគូសបញ្ជាក់ម្តងហើយម្តងទៀតថា វិបត្តិអ៊ុយក្រែន មិនអាចដោះស្រាយបានទេ បើគ្មានការចូលរួមពីទីក្រុងមូស្គូ ហេតុដូច្នេះហើយ សន្និសិទនៅប្រទេសស្វ៊ីសនេះ គឺមិនទទួលបានលទ្ធផលផ្លែផ្កាទេ។